មនុស្សគិត ទេវតាសម្រេច " ទស្សនៈវិភាគរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ

 បទវិភាគរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ ដែលមានចំណងជើងថា «មនុស្សគិត ទេវតាសម្រេច» ដែលឯកឧត្តមបានសរសេរបង្ហោះតាមរយៈ ហ្វុកប៊ុកផ្លូវការរបស់ឯកឧត្តម ដូចខាងក្រោម៖

ពេលខ្លះគិតគូរសព្វគ្រប់ តែមនុស្សគិតខុសពីទេវតាគិត ! និយាយប្រាប់ប្អូនថាពេលខ្លះត្រូវទទួលយកការកំណត់របស់ទេវតា ក៏នឹកឃើញរឿងមួយ ប្រហែលជាត្រូវនិយាយវែងបន្តិច តែជាមេរៀនប្រវត្តិសាស្ត្រផងដែរ ។

ពីលើកមុន ខ្ញុំបាននិយាយម្តងហើយ ថាចំពោះខ្មែរច្រើនណាស់ដែលយល់ថា គ្រោះថ្នាក់ធំបំផុតចំពោះសម្តេចតេជោហ៊ុនសែន ក្នុងឋានៈជានាយករដ្ឋមន្ត្រី គឺការសម្រេចចូលទៅតំបន់ខ្មែរក្រហម ដែលជាជំហានទៅបញ្ចប់សង្គ្រាមខ្មែរនិងខ្មែរ ។ តែខ្ញុំក៏បាននិយាយថា នោះមិនមែនជាគ្រោះថ្នាក់ទី ១ ទេ មានគ្រោះថ្នាក់ដែលធំជាងនេះ ជាគ្រោះថ្នាក់ដែលមិនគ្រាន់តែសម្តេចទទួលម្នាក់ឯងទេ ត្រកូល ហ៊ុន ទាំងមូលអាចរលាយចេញពីឆាកនយោបាយកម្ពុជាផងក៏ថាបាន ។ នោះគឺការសម្រេចទទួលស្គាល់កម្មសិទ្ធិឯកជនលើដីធ្លីកសិកម្ម ដែលមធ្យោបាយផលិតកម្ម គឺ ជាឆ្អឹងខ្នងនៃលទ្ធិសង្គមនិយម/កុម្មុយនីស្តនិយម នោះឯង ។ ទទួលស្គាល់កម្មសិទ្ធិឯកជនលើមធ្យោបាយឯកជនគឺជាការក្បត់លទ្ធិនេះទាំងស្រុង និង ត្រូវគេចាត់ថាជាការសើរើនិយមដែលត្រូវកម្ចាត់ពិសេសនៅក្នុងការប្រកួតមនោគមន៍វិជ្ជាលោកខាងលិចនិងលោកខាងកើត។ តាមពិត រឿងដែលកើតមានហើយ គឺនៅអឺរ៉ុបខាងកើត ។


នៅក្នុងសមាជបក្សកុម្មុយនីស្តសហភាពសូវៀត ( បកសស ) លើកទី ២០ ( ១៧ ដល់ ២៤ កុម្ភៈ ១៩៥៦ ) មានទំនោរ ២ ។ មួយគឺពួកស្តាលីននិយម ដែលដឹកនាំដោយលោក Molotov រដ្ឋមន្ត្រីក្រសួងការបរទេសសូវៀត ដែលយល់ថាសហភាពសូវៀតត្រូវតែបំផុសចលនាបដិវត្តន៍នៅទូទាំងសកលលោក ហើយ បន្តប្រកាន់នយោបាយប្រឆាំងមូលធននិយមបន្តដូចអ្វីដែលលោកស្តាលីនបានអនុវត្ត ( លោក ស្តាលីន ស្លាប់នៅថ្ងៃទី ៥ មីនា ១៩៥៣ )និង ទំនោរមួយទៀត ដែលយល់ថាសហភាពសូវៀតមានកម្លាំងមិនចាញ់ប្រទេសមូលធននិយម ពិសេសសហរដ្ឋអាមេរិក ( សហភាពសូវៀតសម្រេចផលិតបានគ្រាប់បែកបរមាណូនៅឆ្នាំ ១៩៤៩ ) ហើយអាចវ៉ាទាន់សហរដ្ឋអាមេរិកលើផ្នែកសេដ្ឋកិច្ចនៅទសវត្សរ៍ ៨០ បើសិនជាសហភាពសូវៀតកុំចំណាយធនធានជួយចលនាកុម្មុយនីស្តទូទាំងពិភពលោក តែប្រឹងខ្លួនឯងអោយខ្លាំងសិន ។
ដើម្បីកម្ចាត់ក្រុមស្តាលីននិយម នៅយប់ថ្ងៃទី ២៤ ដល់ ២៥ កុម្ភៈ ១៩៥៦ នោះ នៅក្នុងសម័យប្រជុំបិទទ្វារ លោក គ្រូតឆេវ ដែលតំណាងអោយទំនោរថ្មី បានឡើងអានរបាយការណ៍មួយយ៉ាងវែងរៀបរាប់ពី«ឧក្រិដ្ឋកម្ម»របស់ស្តាលីន ។ ហើយនោះគឺជាការចាប់ផ្តើមកម្ចាត់ក្រុមស្តាលីននិយម ដែលប្រវត្តិវិទូអោយឈ្មោះថា Déstalinisation ។ ពិតមែន តែរបាយការណ៍លោក គ្រូតឆេវ ត្រូវបានធ្វើក្នុងសមាជបិទទ្វារ តែរបាយការណ៍នេះត្រូវបានគេ«លួច»បន្តចេញផ្សាយទូលំទូលាយ ហើយ ក៏ជះឥទ្ធិពលទាំងល្អ ទាំងអាក្រក់ទៅលើក្រុមប្រទេសអឺរ៉ុបខាងកើតនានា ដែលអនុវត្តគោលការណ៍Déstalinisation នេះ តែត្រូវក្រុមពួកខាងលិច ពិសេសវិទ្យុ«អឺរ៉ុបសេរី» ប្រឹងបំផុសអោយឃើញជារូបភាព«រើបម្រះពីសហភាពសូវៀត» ទៅវិញ ។ ហើយប្រទេសដែលទទួលគ្រោះថ្នាក់មុនគេគឺ ប្រទេសហុងគ្រី ។

ក្រោយពេលដែលចលនាបោសសម្អាតឥទ្ធិពលស្តាលីន ( DeStalinization ) បានចាប់ផ្តើមនៅសហភាពសូវៀត អង្គការ Kominform ( Information Bureau of the Communist and Worker’s Parties ) ត្រូវបានរំសាយនៅថ្ងៃទី ១៧ មេសា ១៩៥៦ ។ លោក Wladyslaw Gomulka មេដឹកនាំបក្សកុម្មុយនីស្តប៉ូឡូញដែលត្រូវចាប់ខ្លួននៅឆ្នាំ ១៩៥១ នោះ បានវិលមកកាន់ជាលេខាទីមួយបក្សវិញនៅខែតុលា ១៩៥៦ បន្ទាប់ពីមានបាតុកម្មរបស់កម្មករទាមទារកម្ចាត់ចេញពួកស្តាលីននិយមចេញពីអំណាច ដោយមិនមានប្រតិកម្មអីទាំងអស់ពីសហភាពសូវៀត ។

នៅក្នុងប្រទេសហុងគ្រី ដើម្បីអោយប្រទេសអឺរ៉ុបខាងកើតមានរូបភាពល្អប្រសើរចេញផុតពីរូបភាព«អាយ៉ងសហភាពសូវៀត» មេដឹកនាំសហភាពសូវៀតដែលដឹកនាំដោយលោក គ្រូតឆេវ បានបង្ខំអោយលោក Rákosi ដែលប្រកាន់មាគ៌ាស្តាលីននិយម អោយចុះចេញពីតំណែងនៅក្នុងខែ កក្កដា ១៩៥៦ ។ នៅក្នុងថ្ងៃទី ២៥ ខែតុលា ១៩៥៦ មនុស្សជាង ៣០ ម៉ឺននាក់បានធ្វើបាតុកម្មនៅក្នុងទីក្រុងប៊ុយដាប៉េស្ត ទាមទារអោយលោក Imre Nagy ដែលត្រូវលោក Rákosi ចាប់ដាក់គុកនោះ បង្កើតជារដ្ឋាភិបាលថ្មីមួយ និង ទាមទារអោយកងទ័ពសូវៀតដកថយចេញពីប្រទេសហុងគ្រី ។ លោក Nagy ក៏បានសូមអោយរក្សាភាពស្ងប់ស្ងៀមនិងសូមអោយកងទ័ពសូវៀតដកថយចេញពីប្រទេសលោក ។ នៅចំពោះមុខលោក Gomulka មេដឹកនាំប៉ូឡូញ និង លោក ទីតូ មេដឹកនាំប្រទេសយូហ្គោស្លាវី លោក Nagy បានអះអាងថា ជំហររបស់លោកគឺនៅតែសង្គមនិយម និង សហការជាមួយសហភាពសូវៀត តែលោកចង់អោយជីវភាពនយោបាយ និង សង្គម ហុងគ្រីមានលក្ខណៈប្រជាធិបតេយ្យល្អប្រសើរឡើង ។ តែចំពោះលោកខាងលិច គេបានមើលឃើញចលនានេះជាចរន្តប្រឆាំងសហភាពសូវៀតដែលត្រូវតែជំរុញ និង លើកទឹកចិត្ត ពិសេសវិទ្យុ«អឺរ៉ុបសេរី» ដែលញុះញង់យ៉ាងខ្លាំងក្លាសំដៅប្រែប្តូរចលនា កម្ចាត់ទស្សនៈស្តាលីននិយម ទៅជា ចលនាប្រឆាំងសហភាពសូវៀត ។ នៅថ្ងៃទី ១ វិច្ឆិកា ១៩៥៦ លោក Nagy បានប្រកាសលុបចោលសន្ធិសញ្ញាវ៉ាសូវី និង ដាក់ប្រទេសហុងគ្រី ជាប្រទេសអព្យាក្រិត ។ ចំពោះលោក គ្រូតឆេវ ដែលមានគោលការណ៍កំណត់ថា «កម្ចាត់ទស្សនៈស្តាលីនមិនមែនមានន័យថាជាបរាជ័យនៃសង្គមនិយមទេ»នោះ ជំហររបស់លោក Nagy មិនអាចទទួលបានឡើយ ។ ក្នុងពេលដែលលោកខាងលិចកំពុងជាប់ដៃក្នុងសង្គ្រាមព្រែកជីកស៊ុយអេស កងទ័ពសូវៀតបានបើកយុទ្ធនាការបង្ក្រាបចលនាបះបោរនៅហុងគ្រីតែមួយអាទិត្យបានស្ងប់ស្ងាត់ ហើយ លោក Nagy ត្រូវបាន ចាប់ខ្លួន និង បន្ទាប់មកត្រូវប្រហារជីវិតនៅថ្ងៃទី ១៦ មិថុនា ១៩៥៨ ។ បន្ទាប់មកទៀត គេមានការបង្ក្រាបនៅ ឆេកូស្លាវ៉ាគី នាឆ្នាំ ១៩៦៨ មានការបង្ក្រាបចលនាជាច្រើនទៀតនៅក្នុងប្រទេសចិន ទៅលើអ្វីដែលគេចាត់ថាជាចលនាសើរើនិយមបំប្លែងធាតុសង្គមនិយម/កុម្មុយនីស្តនិយម ។

ក្នុងស្ថានភាពបែបនេះ ការសម្រេចរបស់សម្តេច ហ៊ុនសែន ក្នុងការទទួលស្គាល់កម្មសិទ្ធិឯកជនលើដីធ្លីផលិតកម្មកសិកម្ម គឺជាការប៉ះយ៉ាងដំណំទៅលើគោលការណ៍ដែលគេចាត់ថាជាចលនាសើរើនិយមដ៏គ្រោះថ្នាក់មួយនៃចលនាសង្គមនិយម/កុម្មុយនីស្តនិយម ពិភពលោក តែបើងាកក្រោយមើលទៅវិញនេះជាចលនាកែប្រែសង្គមនិយមជាលើកទីមួយក្នុងប្រវត្តិសាស្ត្រ មុនប៉េរេស្ត្រូយការបស់រុស្សុី មុន កំណែប្រែរបស់លោក តេង ស៊ាវពិញ នៅចិនទៅទៀត ។ ប៉ុន្តែហេតុអ្វី បានជានាយករដ្ឋមន្ត្រី ហ៊ុនសែន នៅពេលនោះមិនរងការបោសសម្អាត ?

នៅទស្សវត្សរ៍ ៩០ ខ្ញុំតែងនិយាយជាមួយសម្តេច ហ៊ុនសែន ថាដំណើរការងារបង ( សម័យនោះខ្ញុំហៅលោកបង ព្រោះលោកមានឋានៈធំជាងខ្ញុំ មាឌក៏ធំជាងខ្ញុំ ) អង់គ្លេសគេហៅថា Brinksmanship ។ ហើយខ្ញុំសង្ខេបជូនលោកខ្លីថា ខ្មែរហៅថាមួយចានទឹកមួយចានគោក តែចំពោះបងគឺមានទាំងទឹកទាំងគោក ។ នៅពេលក្រោយ ខ្ញុំនឹងសរសេរពី Brinkmanship របស់សម្តេចដើម្បីអ្នកជំនាន់ក្រោយបានរៀនសូត្រតាម ។ តែពេលនេះ ខ្ញុំចង់និយាយពីរឿងទេវតាសម្រេចបន្ថែមលើ Brinkmanship របស់សម្តេច ដែលខ្ញុំនិយាយថា មនុស្សគិត ទេវតាសម្រេច វិញម្តង ។

ព្រឹកនេះ សូមបន្តនិយាយពីរឿង «មនុស្សគិត ទេវតាសម្រេច» បញ្ចប់ ។
គេតែងនិយាយថា «ជួយខ្លួនឯងសិន ទើបទេវតានឹងជួយ» ។ នេះជាការពិត ។ តែជួនកាល«សំណាង» ឬ «ចៃដន្យ» ឬ «ហេងស៊យ» ក៏ដើរតួសំខាន់ណាស់ដែរ ។ មានប្រវត្តិដែលមេទ័ពដ៏ពូកែរៀបចំយុទ្ធសាស្ត្រល្អឥតទាស់ធានាជ័យជំនះ ១០០ % នាសម័យដើម តែត្រូវបរាជ័យ ព្រោះអ្នកនាំសារប្រទាក់ក្រឡារវាងអង្គភាពទ័ពយឺតដំណើរព្រោះសេះខូចក្រចកជើងជាតឹកតាងស្រាប់ ។
នៅក្នុងសង្គ្រាមក្នុងប្រទេសនៅកម្ពុជានាទសវត្សរ៍ ៨០ មានតួអង្គដែលលូកដៃ ៣ តួ គឺ សហរដ្ឋអាមេរិក ចិន និង វៀតណាម ។ តែផ្ទុយពីស្ថានភាពនៅអឺរ៉ុបខាងកើតដែលទំនាស់គឺលើមនោគមន៍វិជ្ជា នៅកម្ពុជាទំនាស់គឺមានលក្ខណៈភូមិសាស្ត្រនយោបាយច្រើនជាង ។ សហរដ្ឋអាមេរិក និង ចិន មានមនោគមន៍វិជ្ជាខុសគ្នាដូចមេឃនិងដី តែបែរជាឯកភាពគ្នាក្នុងការប្រឆាំងសាធារណរដ្ឋប្រជាមានិតកម្ពុជាទៅវិញ ។ នេះព្រោះអាមេរិកបារម្ភលើស្ថានភាពដូមីណូក្នុងតំបន់ ( ប្រទេសមួយធ្លាក់ចូលកុម្មុយនីស្តនឹងប្រទាញប្រទេសជិតនោះអោយធ្លាក់ចូលកុម្មុយនីស្តដែរ ដូចរុស្សុីទាញចិនៗទាញវៀតណាម ) ហេតុនេះត្រូវទប់ត្រឹមកម្ពុជា ហើយបើមានលទ្ធភាពរុញស្ថានភាពដូមីណូបញ្ច្រាសទៅវិញ ( បំបាត់កុម្មុយនីស្តនៅកម្ពុជារួចចម្លងទៅបំបាត់កុម្មុយនីស្តនៅវៀតណាម រួចនៅចិន ) ។ មួយវិញទៀត អាមេរិកនៅមានគំនុំជ្រៅជាមួយវៀតណាមដែលបានបំបាក់ខ្លួនក្នុងសង្គ្រាមឥណ្ឌូចិនទី ២ ហេតុនេះអាមេរិកត្រូវប្រើកម្លាំងខ្មែរក្រហមដើម្បី«បង្ហូរឈាមវៀតណាមអោយខ្សោះ» [ ទ្រឹស្តីអាមេរិកក្នុងទសវត្សរ៍ ៨០ ] ។ ច្បាប់អាមេរិកមិនអាចអោយអាមេរិកជួយពួកខ្មែរក្រហមដោយផ្ទាល់បានទេ តែតាមរយៈ«រដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ» អាមេរិកអាចបង្វែរជំនួយខ្លួនដល់ក្រុមខ្មែរក្រហមបាន ហេតុនេះការរក្សារូបភាព«រដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ»ជាការសំខាន់ ។ ចំពោះចិននៅពេលនោះ វៀតណាមដែលចិនយល់ថាជាអ្នកដើរតាមរុស្សុី អាចនឹងក្លាយជាកាំបិតមួយចាក់ខ្លួននៅពេលមានទំនាស់កើតឡើងជាមួយរុស្សុី ( ទ្រឹស្តីមុខដង្កាប់ ) ហេតុនេះប្រើកម្លាំងខ្មែរក្រហមបំបាក់វៀតណាម អាស្រ័យធ្វើអោយវៀតណាមខូចខាតធ្ងន់ធ្ងរនៅកម្ពុជាអាចនាំដល់ការរង្គោះរង្គើរដ្ឋាភិបាលហាណូយបានដែលពេលនោះវៀតណាមអាចមានអាកប្បកិរិយាទន់ភ្លន់ជាងមុនជាមួយខ្លួន ឬ អាចដូរអ្នកដឹកនាំយកមនុស្សស្និទ្ធចិនមកកាន់តំណែងវិញ ។
ចំពោះវៀតណាម បញ្ហាមុខដង្កាប់ ក៏ស្ថិតនៅក្នុងយុទ្ធសាស្ត្ររបស់ខ្លួនដែរ ។ អ្វីដែលវៀតណាមចង់បានបំផុត គឺរដ្ឋាភិបាលកម្ពុជាមួយដែលជិតស្និទ្ធជាមួយខ្លួន ឬ រដ្ឋាភិបាលអព្យាក្រិតមួយដែលហោចណាស់មិនមានគោលជំហរអរិភាពជាមួយខ្លួ នដែរ ។

ពីក្នុងស្ថានភាពនេះ នៅពេលដែលនាយករដ្ឋាភិបាលវ័យក្មេង ហ៊ុន សែន លើកពីការទទួលស្គាល់កម្មសិទ្ធិឯកជនលើដីធ្លីផលិតកម្មកសិកម្ម ដែលជាការបញ្ច្រាសទាំងស្រុងពីក្បួនសង្គមនិយម/កុម្មុយនីស្តនិយម ប្រតិកម្មភាគីនានាមិនមានភាពខ្លាំងក្លា ខុសពីកាលដែលលោក Nagy បានប្រកាសធ្វើកំណែទម្រង់នៅហុងគ្រី ។ លើកខ្លាំងពេក ពីជំហរមិនសង្គមនិយម/កុម្មុយនីស្តនិយម ឬ លើកថាហ៊ុនសែនមានជំហរប្រឆាំងវៀតណាមនឹងធ្វើអោយហ៊ុនសែន លេចធ្លោ លុបបាត់តួនាទី«រដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ» ពោលគឺបាត់លេសលូកដៃចូលកម្ពុជាបំបាក់វៀតណាម ។ ហេតុនេះ ទាំងចិន ទាំងអាមេរិក ធ្វើមិនដឹងលើរឿងនេះ ដែលអនុញ្ញាតអោយរដ្ឋាភិបាល ហ៊ុន សែន មានជោគជ័យជាជំហានៗលើផលិតកម្មស្បៀងឈានទៅធ្វើអោយសង្គមកាន់តែមានលំនឹង ។ ឯវៀតណាម ក៏មិនបានលូកដៃក្នុងរឿងនេះដែរ ដោយម្យ៉ាងគាត់ផ្អែកលើគោលការណ៍«មកជួយតែមិនមកធ្វើជំនួស» និង ម្យ៉ាងទៀត ដោយ សហរដ្ឋអាមេរិក មិនលើកខ្លាំងចោទថា ហ៊ុនសែន ប្រឆាំងវៀតណាម ក្រុមអ្នកប្រកាន់ខ្សែតឹងនៅហាណូយក៏មិនរមាស់ត្រចៀកដូចរុស្សុីក្នុងរឿងប្រទេសហុងគ្រីផងដែរ ។
នេះជាការវិភាគខ្លីៗរបស់ខ្ញុំលើរឿង «មនុស្សគិត ទេវតាសម្រេច» និង សូមអភ័យទោសបើសិនជាការវិភាគរបស់ខ្ញុំមិនបានត្រឹមត្រូវ តែគ្រាន់តែជាការរៀបរាប់របស់មនុស្សម្នាក់ដែលបាននៅក្នុងព្រឹត្តការណ៍ទាំងនេះ ។
Powered by Blogger.