ព័ត៌មានជាតិក្រសួងយុត្តិធម៌ បាននិងកំពុងបន្តអភិវឌ្ឍសេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ក្នុងជំហានទី ២
ក្រសួងយុត្តិធម៌ បាននិងកំពុងបន្តអភិវឌ្ឍសេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ក្នុងជំហានទី ២ ក្នុងគោលដៅកាត់បន្ថយការចំណាយលើពេលវេលា និងថវិកាជូនសាធារណជន បន្ទាប់ពីបានដាក់ឲ្យដំណើរការជំហានទី ១ កាលពីខែកុម្ភៈ ឆ្នាំ ២០២៣កន្លងទៅនេះ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌ នៅថ្ងៃទី ១១ ខែកញ្ញានេះ បានឲ្យដឹងថា កន្លងមក ក្រសួងយុត្តិធម៌ បានអភិវឌ្ឍសេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ដើម្បីផ្តល់នូវសេវាឆាប់រហ័ស និងភាពងាយស្រួលជូនដល់សាធារណជន ដែលមានតម្រូវការស្នើសុំព្រឹត្តិបត្រថ្កោលទោសដោយបានដាក់ឲ្យដំណើរការ ជំហានទី ១ លើការផ្តល់សេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល កាលពីខែកុម្ភៈ ឆ្នាំ ២០២៣។
សេចក្ដីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា ក្រសួងយុត្តិធម៌ ក៏បាននិងកំពុងបន្តអភិវឌ្ឍសេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ក្នុងជំហានទី ២ ដើម្បីផ្ដល់នូវភាពឆាប់រហ័ស និងភាពងាយស្រួលជូនដល់សាធារណជនបន្ថែមទៀត ក្នុងគោលដៅកាត់បន្ថយការចំណាយលើពេលវេលា និងថវិកា ជូនសាធារណជន ក្នុងការស្នើសុំព្រឹត្តិបត្រថ្កោលទោស ស្របតាមយុទ្ធសាស្តបញ្ចកោណ-ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា។
ចំពោះប្រជាពលរដ្ឋនៅក្រៅប្រទេស ដែលមានតម្រូវការស្នើសុំព្រឹត្តិបត្រថ្កោលទោស ក្រសួងយុត្តិធម៌ បាននិងកំពុងសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីពិភាក្សារៀបចំបែបបទ និងនីតិវិធី សម្រាប់ការស្នើសុំព្រឹត្តិបត្រថ្កោលទោស តាមរយៈស្ថានតំណាងកម្ពុជា នៅតាមបណ្តាប្រទេសនានា។ ក្នុងនោះដែរ ក្រសួងយុត្តិធម៌ នឹងជូនដំណឹងអំពីបែបបទ និងនីតិវិធីនៃការស្នើសុំព្រឹត្តិបត្រថ្កោលទោស សម្រាប់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស នាពេលខាងមុខ។
ក្រសួងយុត្តិធម៌ នឹងជូនដំណឹងអំពីពេលវេលាជាក់លាក់ នៃការដាក់ឲ្យដំណើរការសេវាព្រឹត្តិបត្រថ្កោលទោសឌីជីថល ក្នុងជំហានទី ២ នាពេលឆាប់ៗខាងមុខនេះ៕
Post a Comment