ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣

 ភ្នំពេញ៖ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោកបណ្ឌិត Will Parks តំណាងអង្គការ UNICEF ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។



ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៊ិន ត្រឈៃ បានថ្លែងនូវអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោកបណ្ឌិត Will Parks ព្រមទាំងសហការី ដែលបានឆ្លៀតពេលវេលាមមាញឹកអញ្ជើញមកក្រសួងផែនការនាពេលនេះ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងផែនការ និងអង្គការ UNICEFកន្លងមក ដែលUNICEF បានឧបត្ថម្ភ គាំទ្រជំនួយបច្ចេកទេស លើការងាររៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ការងារពាក់ព័ន្ធអាហារូបត្ថម្ភ(បញ្ចូលជាតិអ៊ីយ៉ូដជាសកលក្នុងអំបិល) ការគណនានិងវិភាគពីភាពក្រីក្រកុមារនៅកម្ពុជា និងជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ UNICEF បានជួយគាំទ្រដល់ដំណើរការនៃការរៀបចំនីតិវិធីនៃការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ជាមួយនឹងការគាំទ្រដល់ដំណើរការចុះបណ្តុះបណ្តាលមន្ត្រីពាក់ព័ន្ធរហូតដល់ថ្នាក់ក្រុង ស្រុក រាជធានី ខេត្តផងដែរ។

មានប្រសាសន៍ក្នុងជំនួប លោកបណ្ឌិត Will Parks បានសម្តែងនូវការអបអរសាទរចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ផ្តល់សេចក្តីទុកចិត្ត តែងតាំងជារដ្ឋមន្ត្រីក្រសួងផែនការ។

លោកបណ្ឌិតបន្តថា ក្នុងនាមជាតំណាងឱ្យអង្គការ UNICEF លោកសន្យានឹងបន្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងផែនការ និងUNICEF ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ជាមួយគ្នានេះដែរ លោកបណ្ឌិត បានស្នើឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយអង្គការUNICEF ដែលនឹងប្រព្រឹត្តទៅនាចុងខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ដោយផ្តោតសំខាន់លើការរៀបចំផែនការកិច្ចសហប្រតិបត្តិការ សម្រាប់រយៈពេល៥ឆ្នាំបន្តទៀត (២០២៤-២០២៨)។

មុននឹងបញ្ចប់កិច្ចពិភាក្សា ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់UNICEF ឱ្យបន្តកិច្ចគាំទ្រលើការងារអាហារូបត្ថម្ភតាមរយៈកម្មវិធីបញ្ចូលជាតិអ៊ីយ៉ូដជាសកលក្នុងអំបិល និងកម្មវិធីបញ្ចូលជាតិដែកក្នុងទឹកត្រី និងទឹកស៊ីអ៊ីវ ដល់កុមារ និងមនុស្សពេញវ័យ បន្តគាំទ្រលើការបណ្តុះបណ្តាលដល់មន្ត្រីក្រសួងផែនការ លើជំនាញត្រួតពិនិត្យ និងវាយតម្លៃ(M&E) ឧបត្ថម្ភ គាំទ្របច្ចេកទេសលើការងារប្រមូលទិន្នន័យនៅថ្នាក់ក្រោមជាតិ ជាពិសេសឧបត្ថម្ភគាំទ្រជាសម្ភារៈTablet បន្ថែម ដល់បណ្តាឃុំ សង្កាត់ទូទាំងប្រទេស និងមន្ទីរផែនការរាជធានីខេត្ត ពាក់ព័ន្ធនឹងការងារកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រផងដែរ ៕

Powered by Blogger.