៣. ភ្លើងគំនុំឆេះជាសង្គ្រាម ជ្រមុជទឹកធ្វើគុតស្តេច ដានចាស់ នៃ កម្ពុជា ស.វ ១៨-២០ វគ្គ៤
៣. ភ្លើងគំនុំឆេះជាសង្គ្រាម ជ្រមុជទឹកធ្វើគុតស្តេច
រដូវកាលកាន់បិណ្ឌ
និង ភ្ជុំបិណ្ឌ បានចូលមកដល់
ជំទាវ ឡាង បានយកចង្ហាន់ទៅវត្ត ប្រគេនព្រះសង្ឃ ឧទ្ទិសកុសលចំពោះដូនតា និង កូនប្រុសរបស់គាត់ គឺវិបុលរាជ ស៊ូ រួចក៏បានហៅកូនប្រុសទាំង ៤ របស់គាត់មកជុំគ្នា ដើម្បី ធ្វើពិធីនៅក្នុងផ្ទះបន្ថែមទៀត តាមប្រពៃណី ។ ជំទាវ ឡាង បានយកអដ្ឋិធាតុ របស់ វិបុលរាជ ស៊ូ មកបង្ហាញកូនប្រុសទាំង ៤ ហើយនិយាយថា ៖ ធាតុបងប្រុសរបស់កូននៅទីនេះ កំពុងដង្ហោយហៅឱ្យពួកកូនសងសឹកជួស ហេតុនេះ ពួកកូន ត្រូវតែប្រមូលបក្សពួកទាំងឡាយ បង្កើតជាទ័ពមួយជាប្រញាប់ ដើម្បី សងសឹកនឹង
ព្រះរាជា ។
ចៅហ្វាយខេត្ត
ទាំង ៤ ក៏ស្រាប់តែច្រឡោតខឹងតាមការញុះញង់របស់ជំទាវ ឡាង ជាម្តាយហើយសន្យាថានឹងសងសឹកព្រះរាជាវិញឱ្យខាងតែបាន រួចហើយពួកគេក៏ត្រលប់ទៅកាន់ខេត្តរៀងៗខ្លួនវិញ
នាំយកទៅជាមួយនូវគំនិតតែម្យ៉ាង
គឺធ្វើយ៉ាងណា
សងសឹកព្រះរាជា ឱ្យបាន
។
មួយឆ្នាំក្រោយមក ព្រះចៅ ភ្យាតាក នៃ ក្រុងសៀម បានចងសម្ព័ន្ធភាពជាមួយព្រះរាជាខ្មែរ ដើម្បី រៀបចំផែនការធ្វើសង្គ្រាមប្រឆាំង លាវ ដោយសុំទ័ពខ្មែរ ចំនួន មួយម៉ឺន នាក់ ។
ដើម្បី ផ្គាប់ចិត្តសៀម ព្រះរាជាអង្គនន់ ព្រមទទួលសម្ព័ន្ធភាពនោះ ទៅធ្វើសង្គ្រាមប្រឆាំង លាវ ដើម្បី ប្រយោជន៍របស់សៀម ដែលជាសត្រូវរបស់ខ្មែរ
តាំងពីរាប់រយឆ្នាំមកហើយ ។
គេបានកេណ្ឌមនុស្សប្រុសនៅកំពង់ស្វាយ ឱ្យធ្វើទាហានទៅជួយច្បាំង
សៀម និង ប្រមូលមនុស្សស្រី ឱ្យបុកស្រូវ ដែលប្រមូលបានពីអ្នកស្រុក សម្រាប់ជាស្បៀងកងទ័ព បណ្តាលឱ្យអ្នកស្រុកក្តៅក្រហាយយ៉ាងខ្លាំង ។ ពេលទៅដល់ស្រុកលាវ ទាហានខ្មែរខ្លះ
រត់ត្រលប់មកស្រុកវិញ លាក់ខ្លួនក្នុងព្រៃ ។ ព្រះរាជាអង្គនន់ មិនភ្ញាក់រឭកប្រោសប្រណីដល់រាស្ត្រ ថែមទាំងបញ្ជូនមនុស្សឱ្យទៅតាមរកចាប់ពួកទាហានរត់ចោលជួរ
មកដាក់ទោស ។ ប៉ុន្តែអ្នកដែលព្រះរាជា បញ្ជូនទៅនោះ ត្រូវបានអ្នកស្រុកព្រួតគ្នាចាប់កាប់សម្លាប់ចោលអស់ ។ នោះ គឺជាការចាប់ផ្តើមសង្គ្រាមក្នុងស្រុករវាងព្រះរាជាខ្មែរ និង រាស្ត្ររបស់ព្រះអង្គ
ដោយសារ
តែសង្គ្រាមប្រយោជន៍របស់សៀម
ប្រឆាំងនឹងលាវ ។
តេជោ ទែន ( ប្អូន របស់វិបុលរាជ ស៊ូ ) ស្តេចត្រាញ់នៅខេត្តកំពង់ស្វាយ
ដែលមានគម្រោងសងសឹកនឹងព្រះរាជាអង្គនន់ ស្រាប់ មិនបានរាយការណ៍រឿងខាងលើនេះ ថ្វាយព្រះរាជា
ទេ ។ ចំណែកបងប្អូនគាត់ ២ នាក់ទៀត គឺ ពាង ចៅហ្វាយខេត្តបារាយណ៍
និង
សូ ចៅហ្វាយខេត្តព្រៃក្តី ក៏មិនបានចាប់ពួកអ្នករត់ចោលជួរ និង ទប់ស្កាត់កុំឱ្យមានការបះបោររីករាលដាលដែរ ។ ហេតុនេះ ចៅហ្វាយខេត្តទាំង ៣ នាក់នេះ ត្រូវបានកោះហៅឱ្យចូលគាល់ព្រះរាជា នៅ បន្ទាយពេជ្រ និង កាត់ទោសប្រហារជីវិត ។ ប៉ុន្តែ ពាង ត្រូវបានព្រះរាជា
សម្រាលមកនៅត្រឹមបញ្ចុះឋានៈ
និង វាយ ៥០ រំពាត់ ចំណែកស្តេចត្រាញ់ ទែន ត្រូវដកតំណែងចេញ ។
ទែន ក៏ត្រលប់ទៅកំពង់ស្វាយ វិញ ជាមួយប្អូនប្រុស ពាង រួចហើយក៏ប្រកាស បះបោរ ប្រឆាំងព្រះរាជា នៅក្នុង ឆ្នាំ១៧៧៩ ។ ព្រះរាជា ក៏បានចាត់ចៅហ្វាយខេត្តទ្រាំង[1] គឺឧកញ៉ា មូ ( ឬ ម៉ូ ) ដែលជាបងប្រុសរបស់ទែន
និង ពាង ឱ្យ
ចេញបង្រ្កាបការបះបោរខាងលើនេះ ។
មូ ដឹកនាំទ័ពដល់កំពង់ធំ បានជួបទ័ពបះបោររបស់ប្អូនទាំង ២ ក៏ជួបចរចាគ្នាសិន
ហើយក៏ត្រូវប្អូនទាំង
២ ពន្យល់ឱ្យចូលដៃជើងខាងពួកគេ
ហើយងាកមកធ្វើសង្គ្រាមប្រឆាំងព្រះរាជា វិញ ។
អ្នកទាំង
៣ នាក់នេះ នៅមានបក្សពួករបស់ខ្លួននៅខេត្តបាសាក់ និង ព្រះត្រពាំង (ដែលដាយ-វៀត ទើបតែដណ្តើម យកទៅ ) ក៏ចាត់តាំងភ្នាក់ងារឱ្យទៅជ្រើសរើសទ័ពចេញពីក្នុងចំណោមខ្មែរ ។ ប៉ុន្តែឯកសារខ្លះថាជាកងទ័ពដាយ-វៀត
តាំងនៅទីនោះ ។
ទង្វើរបស់ ៣ នាក់បងប្អូន គឺ មូ ពាង និង ទែន ឥតខុសពីទង្វើរបស់ព្រះ
អង្គតន់ កាលពីប៉ុន្មានឆ្នាំមុននោះឡើយ ហើយជាលទ្ធផលគឺអស់ទឹកដី ២ កន្លែង
ទៅក្នុងដៃដាយ-វៀត ពោលគឺពួកគេមិនបានរៀនសូត្រពីកំហុសរបស់ព្រះរាជា
អង្គតន់ ហើយថែមទាំងដើរតាមទៀតផង
។ នោះហើយគឺជាអ្វីដែលយើងហៅថា ដានចាស់ ។
[1]
មុននោះ មូ គឺជាស្តេចត្រាញ់ដែនដីកំពង់ស្វាយ ដែលជាអ្នកចាប់អ្នកអង្គម្ចាស់ អង្គនន់ និង
អង្គជី ដាក់ទ្រុង កាលពីឆ្នាំ១៧៥៧ ។
Post a Comment