ព័ត៌មានជាតិឯកឧត្ដម ហ៊ុន ម៉ានី ៖ កំណែទម្រង់ការប្រឡងក្របខណ្ឌមន្ត្រីរាជការ មិនចាំបាច់ស្គាល់អ្នកធំ ឬ មានខ្សែអ្វីទេ តែត្រូវមានសមត្ថភាព

នា​ឱកាស​នោះ ឯកឧត្ដម ហ៊ុន ម៉ានី បាន​បញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់​ថា «កំណែ​ទម្រង់​ការ​ប្រឡង​ក្របខណ្ឌ​មន្ត្រីរាជការ ៖ «​មិន​ចាំបាច់​ត្រូវ​ស្គាល់​អ្នកធំ មិន​ចាំបាច់​ត្រូវ​មាន​ខ្សែ តែ​ត្រូវ​មាន​សមត្ថភាព»។

ឯកឧត្ដម ហ៊ុន ម៉ានី បន្ថែម​ថា ឯកឧត្ដម មាន​តួនាទី និង​ទំនួល​ខុសត្រូវ​ខ្ពស់​ចំពោះ សម្ដេច​មហា​បវរ​ធិបតី នាយករដ្ឋមន្ត្រី ក្នុង​នាម​ជា​រដ្ឋមន្ត្រី​ក្រសួងមុខងារ​សាធារណៈ នៅ​ក្នុង​ការ​សម្រេច​កិច្ចការ​កែទម្រង់​លើ​ការ​ប្រឡង​នេះ​ឲ្យ​បាន​ហ្មត់ចត់​ជាទីបំផុត ជាពិសេស​ក្នុង​គោលដៅ ដើម្បី​សមធម៌ និង​យុត្តិធម៌​សង្គម។

គួរ​ជម្រាប​ថា កាលពី​ថ្ងៃ​ទី ០៩ ខែ​កញ្ញា ឆ្នាំ ២០២៣ កន្លង​ទៅ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​លើក​ឡើង​ថា នឹង​រៀបចំ​យន្តការ​ថ្នាក់​ជាតិ​មួយ ដោយ​រៀបចំ​ឲ្យ​មាន​ការ​ប្រលង​យន្តការ​ថ្នាក់​កណ្ដាល ដែល​សហការ​ជាមួយ​ក្រសួង​ជំនាញ ដើម្បី​ធានា​ឲ្យ​បាន​នូវ​សង្គត​ភាព ភាព​ត្រឹមត្រូវ តម្លាភាព និង​យុត្តិធម៌ ហើយ​ធានា​ឲ្យ​បាន​អ្នកចេះ​គឺ​ជាប់។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​និយោជិត ស្ថិតនៅ​ភូមិ​រំដួល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ សម្ដេច បាន​អំពាវនាវ​បន្ថែម​ទៀត​ថា «ដើម្បី​ឲ្យ​កិច្ចការ​កំណែទម្រង់​មាន​ប្រសិទ្ធភាព ត្រូវ​មាន​ការ​ដាច់ខាត ប្ដេជ្ញា​ធ្វើ​ទាំងអស់​គ្នា ហើយ​បង្ហាញ​ឲ្យ​ឃើញ​ពី​ឆន្ទៈ និង​ការ​ខិតខំ​ប្រឹងប្រែង ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ធ្វើ ហ៊ាន​អារកាត់ ហ៊ាន​វះកាត់ ហើយ​ជាពិសេស​ហ៊ាន​អនុវត្ត​គោល​នយោបាយ​ដែល​រាជរដ្ឋាភិបាល​បានសម្រេច»។

ក្នុង​នាម​ជា​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ ឯកឧត្ដម ហ៊ុន ម៉ានី ពិតជា​មាន​សេចក្ដី​រីករាយ និង​មាន​កិត្តិយស ដោយ​បាន​ក្លាយ​ជា​ផ្នែក​មួយ ក្នុង​នាម​ជា​សេនាធិការ​រាជរដ្ឋាភិបាល ដើម្បី​ចូលរួម​ក្នុង​កិច្ចការ​កំណែទម្រង់​វិស័យ​មុខងារ​សាធារណៈ។ ក្នុង​ន័យ​នេះ ឯកឧត្ដម ហ៊ុន ម៉ានី សូម​គាំទ្រ​ឥត​ងាករេ​លើ​ប្រសាសន៍ និង​គោលការណ៍​នយោបាយ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​កែទម្រង់​វិស័យ​មុខងារ​សាធារណៈ និង​ធ្វើ​យ៉ាងណា​ខិតខំ​ប្រឹងប្រែង​ពន្លឿន​យន្តការ​ដ៏​មាន​សារៈសំខាន់​នេះ ឲ្យ​សម្រេច​បាន​កាន់តែ​ឆាប់រហ័ស​៕



Powered by Blogger.