សមាស​ភាពអាជ្ញាធរជា​តិប្រឆាំង​គ្រឿង​ញៀន​ត្រូវបាន​បន្ថែម

 នៅ​ក្នុង​ពិធី​ជួប​ជុំ​ជា​មួយ​កម្មករ​នៅ​ថ្ងៃ​សៅរ៍​នេះ ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​ម៉ាណែត ​បាន​ថ្លែង​ថា​លោក​បាន​ចុះ​ហត្ថ​លេខា​បង្កើន​សមាភាព​មន្ត្រី​អាជ្ញា​ធរ​ជាតិ​ប្រ​យុទ្ធ​ប្រ​ឆាំង​គ្រឿង​ញៀន​ដោយ​ពង្រីក​ឲ្យ​ធំ​ថែម​ទៀត​ ខណៈ​ លោក​ចាត់​ទុក​ថា​បញ្ហា​នេះ​ជា​អទិ​ភាព​ទី​៤​របស់​រដ្ឋា​ភិបាល​អាណត្តិ​ទី​៧​។បើ​តាម​ប្រមុខ​រដ្ឋាភិ​បាល ​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿង​ញៀន​គឺ​មាន​ឧបនា​យក​រដ្ឋ​មន្ត្រី​១រូប​ជា​អ្នក​ដឹក​នាំនិង​មាន​ទេស​រដ្ឋ​មន្ត្រី​១​រូប​ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍ ​អម​ដោយ​មាន​ឧបនាយក​រដ្ឋមន្ត្រី​៣រូប​ទៀត​។​ ឧប​នាយក​រដ្ឋ​មន្ត្រី​ទាំង​៣​រូប​នោះ ​ដែល​អម​នោះគឺ​មាន​មក​ពី​ក្រសួង​មហា​ផ្ទៃ ​ក្រសួង​ការ​ពារ​ជាតិ​ និង​ក្រសួង​យុត្តិធម៌​។ទោះជា​យ៉ាង​ណា ​លោក ​ហ៊ុន​ ម៉ាណែត ​មិន​បាន​បញ្ជាក់​ថា​តើ​ឧប​នាយក​រដ្ឋ​មន្ត្រី​រូប​ណា ​នឹង​ត្រូវ​មក​ដឹក​នាំស្ថាប័ន​អាជ្ញាធរ​ជាតិ​ប្រ​ឆាំង​គ្រឿង​ញៀន​នៅពេល​ទៅមុខ​នេះ​នៅ​ឡើយ​ ខណៈ​អាជ្ញាធរ​នេះ​កាល​ពី​អាណត្តិ​ទី៦​គឺ​ដឹក​នាំ​ដោយ​លោក​ឧនាយក​រដ្ឋ​មន្ត្រី ​កែ ​គឹម​យ៉ាន​ តែ​ម្នាក់​ប៉ុណ្ណោះ ​ដោយ​មាន​អគ្គលេខា​ធិការ​ជាសេនា​ធិការ​។

គ្រឿនញៀនត្រូវបានបំផ្លាញនាពេលកន្លងមក។
ឆ្លើយ​តប​នឹង​ការ​ពង្រីក​សមាស​ភាព​ក្បាល​ម៉ា​ស៊ីន​អាជ្ញាធរ​គ្រឿង​ញៀន​នៅ​ពេល​នេះ  ​ត្រូវ​បាន​លោក ​ហ៊ុន ​ម៉ាណែត​ អះ​អាង​ថា ​គ្រឿង​ញៀន​នេះ ​កំពុង​តែ​មាន​បញ្ហា​ច្រើន​ និង​លំបាក​ ចាក់​ស្រេះ។​ លោក​ អះអាង​ថា បញ្ហា​គ្រឿង​ញៀន​នេះសូម្បីតែ​នៅ​អាមេរិក​ សិង្ហបុរី ​និង​ប្រទេស​មួយ​ចំនួន​ទៀត​ ដែល​មាន​ច្បាប់​តឹង​តែង​ក៏បញ្ហានេះ​មិន​ទាន់​ដោះ​ស្រាយ​បាន​ទាំង​ស្រុង​នៅ​ឡើយ​។សម្រាប់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ​កម្ពុជា​បន្ត​រង​គ្រោះពី​ការ​គំរាម​កំហែង​ដែល​បង្ក​ឡើងដោយ​ការ​ផលិត​ ការជួញដូរ និង​ប្រើប្រាស់​គ្រឿង​ញៀន​ខុស​ច្បាប់​នៅក្នុង​តំបន់​ និង​ពិភព​លោក​។កាល​ពី​ឆ្នាំ​២០២២ ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​រឹប​អូស​បាន​គ្រឿង​ញៀន​ជាង ​១៦​តោន ​និង​ឃាត់​ខ្លួន​អ្នក​ពាក់​ព័ន្ធ​គ្រឿង​ញៀន​ជាង ​១​ម៉ឺន ​៤​ពាន់​នាក់ ​(១៤.៧៨៤)​។​ អាជ្ញាធរ​នេះ​ទទួល​ស្គាល់​ថា​ ការចុះ​បង្ក្រាប​ពី​សំណាក់​មន្ត្រី​ជំនាញ​នា​ពេល​កន្លង​មក​ នៅ​មាន​ចន្លោះ​ប្រហោង ​ដែល​បណ្តាល​ឱ្យ​ឧកិ្រដ្ឋ​ជន​អាច​នាំ​ចូល​សារធាតុ​គីមី​ផ្សំ ​ឬ​គ្រឿង​ញៀន​ចូល​មក​កម្ពុជា។​ ក៏ប៉ុន្តែ​នៅទន្ទឹម​នឹង​ភាព​ខ្វះចន្លោះនេះ​ អាជ្ញាធរ​ជំនាញ​អះអាង​ថា ​នឹង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​បន្ថែម​ ខណៈ​ការ​បង្ក្រាប និង​រឹប​អូស​គ្រឿង​ញៀន​នាពេលកន្លង​មក​ គឺ​មាន​ចំនួន​កើន​ឡើង​៕
Powered by Blogger.