ឥណ្ឌាកំពុងសិក្សាប្ដូរឈ្មោះប្រទេសរបស់ខ្លួន ពីឈ្មោះ «ឥណ្ឌា» ទៅឈ្មោះ «បារាទ»
ឥណ្ឌា៖ រដ្ឋាភិបាលប្រទេសឥណ្ឌា ដែលដឹកនាំដោយលោក នរិន្ទ្រ ម៉ូឌី (Narendra Modi) ត្រៀមរៀបចំស្នើសុំសភាឥណ្ឌា ដើម្បីធ្វើការផ្លាស់ប្ដូរឈ្មោះប្រទេសអាស៊ីទក្សិណនេះពី «ឥណ្ឌា» ទៅឈ្មោះ «បារាទ»។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាននានារបស់ឥណ្ឌា។
ថ្នាក់ដឹកនាំគណបក្សកាន់អំណាច ដែលមានទំនោរហិណ្ឌូនិយម បារាទ្យាច័ន្ទា (Bharatya Janata Party – BJP) បានសាទរនឹងសេចក្ដីសម្រេចចិត្តនេះ។ ការផ្លាស់ប្ដូរនេះបានធ្វើឡើងក្រោមមូលហេតុថា ពាក្យ «ឥណ្ឌា» ជាកម្អែលនៃ «ទាសភាពអាណានិគម»។
ឥណ្ឌាធ្លាប់ស្ថិតក្រោមអាណានិគមអង់គ្លេសរាប់រយឆ្នាំ។ មុននឹងក្លាយជាប្រទេសឥណ្ឌាតែមួយ ឧបទ្វីបនេះធ្លាប់ជានគរ និងបុរីក្សត្ររាប់រយឯណោះ។ ចំណែកឯពាក្យ «បារាទ» វិញ តាមពិតទៅជាឈ្មោះក្រៅផ្លូវការរបស់ប្រទេសឥណ្ឌា ដែលចែងក្នុងមាត្រា១ នៃរដ្ឋធម្មនុញ្ញឥណ្ឌា។
ទោះជាយ៉ាងណាក្ដី មិនមែនគ្រប់គ្នាសុទ្ធតែសម្ដែងក្ដីពេញចិត្តនឹងសំណើនេះឡើយ។ សម្ព័ន្ធគណបក្សប្រឆាំងបង្ហាញក្ដីព្រួយបារម្ភថា ការផ្លាស់ប្ដូរឈ្មោះនេះជានិមិត្តរូបនៃការលើកតម្កើងដល់ក្រុមមនុស្សសាសនាហិណ្ឌូជាធំ ខណៈឥណ្ឌាជាប្រទេសចម្រុះពូជសាសន៍មួយ៕
Post a Comment