គណបក្សរាជានិយមហ្វុនស៊ិនប៉ិច មិនត្រូវបានផ្តល់តំណែងប្រធាន ឬអនុប្រធានគណៈកម្មការសភាណាមួយទេ
ភ្នំពេញ៖ គណបក្សរាជានិយមហ្វុនស៊ិនប៉ិច មិនត្រូវបានផ្តល់ឲ្យដឹកនាំគណៈកម្មការណាមួយទេ ក្នុងចំណោមគណៈកម្មការទាំង១០នៃរដ្ឋសភានីតិកាលទី៧នេះ។ នេះបើតាមលទ្ធផលនៃកិច្ចប្រជុំរដ្ឋសភាពេញអង្គនៅព្រឹកថ្ងៃអង្គារនេះ។ ក៏ប៉ុន្តែអ្នកតំណាងរាស្ត្រហ្វុនស៊ិនប៉ិចចំនួន៤រូបត្រូវបានដាក់បញ្ចូលជាសមាជិកនៃគណៈកម្មការរដ្ឋសភាចំនួន៤ ក្នុងចំណោមតំណាងរាស្ត្រជាប់ឆ្នោតសរុប៥រូប។
គ្មានតំណាងរាស្ត្រមកពីគណបក្សហ្វុនស៊ិនប៉ិចណាម្នាក់ដែលត្រូវបានផ្តល់តួនាទីជាប្រធាន ឬអនុប្រធាននៃគណៈកម្មការរដ្ឋសភាទេ ក៏ប៉ុន្តែតំណាងរាស្ត្រ៤រូប ត្រូវបានបញ្ចូលជាសមាជិកនៃគណៈកម្មការរដ្ឋសភាចំនួន៤ ក្នុងចំណោមអ្នកតំណាងរាស្ត្រជាប់ឆ្នោត៥រូប។
សមាជិកសភាទាំង៤រូប ដែលជាសមាជិកគណៈកម្មការរដ្ឋសភាទាំង៤នោះរួមមាន លោក អាំង សំបូរ សមាជិកគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម។ លោក គង់ បណ្តូល ជាសមាជិកនៃគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក។ លោក នាង ចាន់ណាក់ ជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ និងលោក ញឿន រ៉ាដែន ជាសមាជិកគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជាជីវៈ និងកិច្ចការនារី។ ដោយឡែកព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដែលជាប្រធានគណបក្ស ព្រះអង្គជាសមាជិកសភាធម្មតា មិនស្ថិតនៅក្នុងគណៈកម្មការណាមួយទេ។
លោក ញឿន រ៉ាដែន តំណាងរាស្ត្រជាប់ឆ្នោតមណ្ឌលកំពង់ចាម និងជាអ្នកនាំពាក្យគណបក្សហ្វុនស៊ិនប៉ិចបានថ្លែងឲ្យដឹងថាគណៈបក្សហ្វុនស៊ិនប៉ិចមិនបានស្នើសុំទៅរដ្ឋសភា ដើម្បីទទួលបានការដឹកនាំជាប្រធាន ឬអនុប្រធានគណៈកម្មការណាមួយឡើយ។
រដ្ឋសភាជាតិមិនអាចទាក់ទងបាន ដើម្បីធ្វើអត្ថាធិប្បាយលើមូលហេតុទាំងអស់នេះទេ ក៏ប៉ុន្តែអ្នកតាមដានសង្គម និងនយោបាយមួយចំនួនមើលឃើញថារឿងនេះអាចបណ្តាលមកពីគណបក្សហ្វុនស៊ិនប៉ិចឈ្នះបានអាសនៈតិចពេក ជាហេតុធ្វើឲ្យគណបក្សកាន់អំណាចមិនអាចធ្វើសម្បទានជាតំណែងប្រធាន ឬអនុប្រធានគណៈកម្មការជំនាញណាមួយឲ្យហ្វុនស៊ិនប៉ិច។
សូមរំលឹកថានៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដាកន្លងទៅនេះ គណបក្សហ្វុនស៊ិនប៉ិច បានឈ្នះអាសនៈចំនួន៥ ក្រៅពីនេះគណបក្សប្រជាជនកម្ពុជាជាអ្នកឈ្នះទាំងអស់ក្នុងចំណោមអាសនៈសរុប១២៥៕
Post a Comment