គំនុំរបស់ ជំទាវ ឡាង និង ការដឹកនាំរាជកិច្ច មិនត្រឹមត្រូវរបស់ព្រះរាជាអង្គនន់ ។ដានចាស់ នៃ កម្ពុជា ស.វ ១៨-២០ វគ្គ៥

 

គំនុំរបស់ ជំទាវ ឡាង និង ការដឹកនាំរាជកិច្ច មិនត្រឹមត្រូវរបស់ព្រះរាជាអង្គនន់

ពួកអ្នកបះបោរ ក៏បានហៅឱ្យពួកដាយ-វៀត មកជាមួយដែរ ហើយពួក

កងទ័ពដាយ-វៀត ទាំងនោះកាប់សម្លាប់ធ្វើបាបប្រជារាស្ត្រខ្មែរ គ្មានត្រាប្រណី អ្នកស្រុករត់ចោលផ្ទះសម្បែង ព្រាត់ប្រាសនិរាសគ្រួសារ ចំណែកទ្រព្យសម្បត្តិត្រូវពួកដាយ-វៀត ប្លន់ដណ្តើមយកតាមដែលពួកគេអាចយកទៅរួច គម្ពីរក្បួនច្បាប់នានា ដែលមាននៅតាមវត្តអារាម ត្រូវពួកដាយ-វៀត រើគ្រវាត់បោះចោលទៅក្នុងទឹក អណ្តែតពាសពេញទន្លេ

ព្រះរាជា កំពុងគង់នៅកំពង់ធំ នៅពេលបានទទួលព័ត៌មានឃោរឃៅព្រៃផ្សៃខាងលើនេះផង ម្យ៉ាងដោយឃើញវិបុលរាជ សួស បង្ហាញខ្លួននៅក្បែរៗ រាជធានី ផង ព្រះអង្គ ក៏យាងត្រលប់មកវិញ ហើយបានជួបប្រយុទ្ធនឹងទ័ពបះបោរនៅកំពង់ឆ្នាំង មិនអាចវាយឈ្នះផង ណាមួយបារម្ភខ្លាច    វិបុលរាជ ដែលនៅកំពង់ពេជ្រ លើកគ្នាមកវាយពីក្រោយផង ព្រះរាជា ក៏ភៀសព្រះកាយចេញពីសមរភូមិ ទៅភ្នំកំរៀង ក្នុងខេត្តក្រង លោកធុតង្គមួយអង្គឈ្មោះ សីលមាស មកសុំដឹកនាំទ័ព ដោយសន្យាថានឹងយកជ័យជម្នះថ្វាយ ក៏ការប្រយុទ្ធ​មិនបានជោគជ័យសោះដែរ

មូ បានទទួលព័ត៌មានច្បាស់ការណ៍ថាព្រះរាជា នៅមានសេនាតិចតួចប៉ុណ្ណោះការពារ ហើយក៏គ្មានអាវុធហំហែង ថែមទាំងដាច់ស្បៀងផង មូ ក៏នាំទ័ពទៅឡោមព័ទ្ធចាប់ព្រះរាជា អង្គនន់ បាន នាំយកទៅបឹងខ្យង ( ឯកសារខ្លះថា បឹងប្រមា នៅមុខព្រះរាជវាំង ) នៅខាងត្បូងឧដុង្គ រួចចាប់ជ្រមុជទឹក ធ្វើគុតព្រះរាជា នាគ្រានោះទៅនៅក្នុងខែសីហា ឆ្នាំ១៧៧៩

ឥឡូវនេះ បំណង នៃ ការសងសឹករបស់ជំទាវ ឡាង ដែលកើតចេញពីកំហឹង ដោយ​សារតែវិបុលរាជ ស៊ូ  ជាកូនប្រុស ប្រព្រឹត្តកំហុស   ផ្ទួនៗនោះ បានសម្រេចហើយ ។ ប៉ុន្តែប្រជារាស្ត្ររងគ្រោះព្រាត់ប្រាសបាត់បង់អាយុជីវិត ទ្រព្យសម្បត្តិយ៉ាងមិនអាចបរិយាយបាន ហើយព្រះរាជា ត្រូវបានចាប់ជ្រមុជទឹកធ្វើគុតយ៉ាងប្រមាថ គឺជាមហាវិនាសកម្មរបស់នគរខ្មែរ ដែលកំពុងត្រូវបានពួក ដាយ-វៀត និង សៀម យាយីលេបត្របាក់ និង កាប់សម្លាប់រាប់មិនអស់រួចស្រាប់ទៅហើយ ។

នគរខ្មែរទាំងមូល ស្ថិតនៅក្នុងកណ្តាប់ដៃ មូ តែម្នាក់ឯង មូ ប្រកាសខ្លួន

ឯងជា ចៅហ៊្វា ( នាយករដ្ឋមន្ត្រី )  លើកឧកញ៉ាអធិវង្សា ប៉ុក ជាឪពុកធម៌របស់

អ្នកអង្គម្ចាស់អេង ជា ឧកញ៉ាវាំង  តែងតាំងអ្នកអង្គម្ចាស់អេង ( ព្រះជន្ម ០៦ ០៧ វស្សា ) ជាព្រះមហាឧបរាជ ចំណែក សួស និង ពាង ជាប្អូនប្រុសរបស់ មូ ឡើងឋានៈកំពូលៗទាំងអស់

មូ ប្រើអំណាចយ៉ាងឃោរឃៅ ទៅលើអ្នកណាក៏ដោយដែលគាត់ថ្នាំង​ថ្នាក់​បន្តិចបន្តួច ទីបំផុត មូ បានលើកអ្នកអង្គម្ចាស់ អេង ដែលទើបតែព្រះជន្ម ០៦ ០៧ ព្រះវស្សា ឱ្យឡើងសោយរាជ្យ ដើម្បី កុំឱ្យគេថាគាត់ជាអ្នកដណ្តើម​​           រាជបល្ល័ង្ក នាំឱ្យមានការបះបោរប្រឆាំងគាត់ ដែលធាតុពិតគឺគាត់ជាអ្នកក្តោបក្តាប់អំណាច ។នៅមានបន្ត

Powered by Blogger.