ពិធីបិទសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទឆ្នាំ២០២២ និងបណ្ដាឆ្នាំពាក់ព័ន្ធ នៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃពុធ ១៣ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៨ និង០០នាទី
ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានរៀបចំពិធីបិទសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទឆ្នាំ២០២២ និងបណ្ដាឆ្នាំពាក់ព័ន្ធ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ទិត សារ៉ាត់ អគ្គនាយករងសវនកម្មផ្ទៃក្នុង និងលោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ នៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។
លោកឧត្តមសេនីយ៍ ស្នងការ មានសេចក្តីសោមនស្សរីករាយ និងបានឡើងថ្លែងអំណរអរគុណដល់មន្ត្រីជំនាញក្រោមឱវាទទាំងអស់ ដែលបានខិតខំប្រឹងប្រែង បំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្ត ដើម្បីបម្រើការងារសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអង្គភាពស្នងការដ្ឋានរបស់យើង ប្រកបដោយលទ្ធផលល្អប្រសើរ និងជាទីមោទនៈ ។
ឯកឧត្តម ប្រធានគណៈអធិបតី បានថ្លែងកោតសរសើរចំពោះលទ្ធផល នៃការធ្វើសវនកម្មកផ្ទៃក្នុង កាលបរិច្ឆេទឆ្នាំ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ ជាមួយមន្ត្រីនគរបាល តាមផែននីមួយៗ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ កន្លងមក រហូតដល់បិទបញ្ចប់កម្មវិធី ប្រកាសដោយការទទួលខុសខ្ពស់ ច្បាស់លាស់ សាមគ្គីភាព និងមានទំនាក់ទំនងល្អ ជាលទ្ធផលបង្ហាញឲ្យឃើញថា អង្គភាពជំនាញពាក់ព័ន្ធ ចំណុះ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានបំពេញការងារបានយ៉ាងល្អប្រសើរ គួរឱ្យកត់សម្គាល់ ស្របតាមប្រកាសលេខ ៦៥៤៨ ប្រ.ក ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ ស្ដីពីការកែសម្រួលការរៀបចំ និងប្រព្រឹត្តទៅរបស់ស្នងការរដ្ឋាននគរបាលរាជធានី ខេត្ត ។ ឯកឧត្តម ប្រធានគណៈអធិបតី បានផ្តល់អនុសាសន៍ចំនួន ១២ចំណុចសំខាន់ៗ ព្រមទាំងបានលើកប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ចំនួន ២ចំណុច ទី១-គោលការណ៍ការងារជាក្រុម (Team Work) ទី២-គោលការណ៍ឋានានុក្រម និងរបបការងារ និងបានប្រកាសបិទកម្មវិធី ដោយទឹកមុខស្រស់ស្រាយ រួមនឹងអង្គពិធីទាំងមូល ។
ដោយមានការចូលរួមពី លោក លោកស្រីស្នងការរង ប្រតិភូអម លោកនាយការិយាល័យ លោកមេបញ្ជាការ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦១៥ និង ៦១៧ លោកអធិការក្រុង-ស្រុកទាំង៧ ប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង១៦ និង លោកនាយប៉ុស្តិ៍ទាំង ៦៤ សរុបចំនួន ២៥០នាក់៕
Post a Comment