ព័ត៏មានជាតិជាការលើកទឹកចិត្ត! អភិបាលខេត្តប៉ៃលិន ប្រកាសផ្តល់រង្វាន់ដល់សិស្សានុសិស្សប្រឡងមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេសល្អ
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បានប្រកាសផ្តល់រង្វាន់ម៉ូតូ ១គ្រឿង ដល់សិស្សដែលអាចប្រឡងដណ្តើមយកបាននិទ្ទេស A នៅក្នុងឆ្នាំ២០២៣ នេះ និងបន្តផ្តល់អាហារូបករណ៍ សម្រាប់សិស្សក្រីក្រ ចង់បន្តការសិក្សានៅឧត្តមសិក្សា ព្រមទាំងគ្រោងរៀបចំបណ្ណាល័យសាធារណៈ ដើម្បីលើកកម្ពស់គុណភាពវិស័យអប់រំនៅក្នុងខេត្ត។
ក្នុងឱកាសដែលលោកជំទាវបានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉នត្រៀមប្រលងមធ្យមសិក្សាទុតិយភូមិ ថ្នាក់ទី១២ ឆ្នាំសិក្សា ២០២២-២០២៣ ដែលរៀបចំ និងឧបត្ថម្ភ ដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន នៅសាលប្រជុំរោងកុន កាលពីពេលថ្មីៗនេះ លោកជំទាវ បាន ស្រីមុំ បានផ្តាំផ្ញើដល់ ប្អូនៗក្មួយៗ សិស្សានុសិស្សទាំងអស់ ត្រូវជៀសអោយឆ្ងាយពីអំពើអបាយមុខផ្សេងៗនៅក្នុងសង្គម ជាពិសេសគ្រឿងញៀន ដោយត្រូវខិតខំយកចិត្តទុកដាក់ក្នុងការសិក្សា និងក្រេបយកចំណេះដឹងពីព្រឹទ្ធាចារ្យ លោកគ្រូ-អ្នកគ្រូ ដែលគាត់បង្ហាត់បង្រៀនយើង ហើយត្រូវយកចំណេះដឹងទាំងនេះ ទៅបង្កើនសមត្ថភាពខ្លួនឯងបន្ថែមទៀត ដើម្បីទទួលបានជោគជ័យក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ ហើយក្លាយជាទំពាំងស្នងឫស្សី សម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិនាថ្ងៃអនាគត។
លោកជំទាវ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត ជាពិសេស សហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានឯកឧត្តម ហ៊ុន ម៉ានី ជាប្រធាន ដែលតែងតែចំណាយទាំងកម្លាំងកាយចិត្ត ទាំងថវិកា និងពេលវេលាដ៏មានតម្លៃ ក្នុងការឧបត្ថម្ភគាំទ្រ ឱ្យមានវគ្គបំប៉នត្រៀមប្រឡងនេះឡើង និងសូមជូនពរដល់សិស្សានុសិស្ស ដែលជាបេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២២ ២០២៣ ទាំងអស់ សូមទទួលបានជោគជ័យក្នុងការប្រឡង និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា។
លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២២-២០២៣ គឺប្រព្រឹត្តទៅនៅថ្ងៃទី០៦-០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ដោយខេត្តប៉ៃលិន ទីតាំងប្រឡងនៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន ដោយមានបេក្ខជនចូលរួមប្រឡង សរុបចំនួន ៦៥៣នាក់ ស្រី ៣១៣នាក់ ចែកជា ២មណ្ឌល (១-មណ្ឌលថ្នាក់វិទ្យាសាស្ត្រសង្គម មាន ២១បន្ទប់ មានបេក្ខជន សរុបចំនួន ៥០៨នាក់ ស្រី ២២៣នាក់ ក្នុងនោះបេក្ខជនស្វៃរិនសរុបចំនួន ៦៨នាក់ ស្រី ៣៣នាក់ និង ២-មណ្ឌលថ្នាក់វិទ្យាសាស្ត្រ មាន ០៦បន្ទប់ មានបេក្ខជន សរុបចំនួន ១៤៥នាក់ ស្រី ៩០នាក់ គ្មានបេក្ខជនស្វៃរិន)៕
Post a Comment