លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសគោលនយោយបាយ៦ចំណុច អាទិភាពដែលត្រូវអនុវត្តភ្លាមក្នុងឆ្នាំ២០២៣

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងសម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា នៅព្រឹកថ្ងៃទី ២៤ ខែសីហា ២០២៣នេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសដាក់ចេញនូវគោលនយោយបាយ៦ចំណុចអាទិភាពដែលត្រូវអនុវត្តភ្លាមក្នុងឆ្នាំ២០២៣។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានមានប្រសាសន៍ថា ក្នុងតួនាទីជារបៀបវារៈគោលនយោបាយ​សង្គម-សេដ្ឋកិច្ច កម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា, យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់ កាលទី១ នឹងជំរុញការអនុវត្តកម្មវិធីគោលនយោបាយអាទិភាព ទាំង ៦ ដែលត្រូវចាប់អនុវត្ត ក្នុងឆ្នាំ ២០២៣ នេះតែម្ដង ។

ផ្អែកលើ «កម្មវិធីនយោបាយ សម្រាប់ការកសាង និង ការការពារមាតុភូមិ ឆ្នាំ ២០២៣- ២០២៨» របស់គណបក្សប្រជាជនកម្ពុជា ដែលប្រជាពលរដ្ឋទូទាំងប្រទេសបានផ្ដល់ការគាំទ្រ ភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោត ​នាថ្ងៃទី ២៣ ខែ កក្កដា កន្លងទៅនេះ,ឯកឧត្តមនាយករដ្ឋមន្ត្រី បានមាន​ប្រសាសន៍ថា រាជរដ្ឋាភិបាលបាន រៀបចំ «កម្មវិធីនយោបាយ» របស់ខ្លួន សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា។ ឈរលើមូលដ្ឋាននៃការវាយតម្លៃគ្រប់ជ្រុងជ្រោយ នៃលទ្ធផលការងារដែល​បាន​អនុវត្តក្នុងនីតិកាលមុនៗ ក៏ដូចជាបរិការណ៍ជាតិ និង អន្តរជាតិ នាបច្ចុប្បន្ន និង ទៅអនាគត ព្រមទាំង​ដោយយកចិត្តទុក ដាក់ឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន។ «កម្មវិធីនយោបាយ» នេះ ​បានកំណត់ដាក់ចេញនូវគោលដៅជាយុទ្ធសាស្ត, គោលនយោបាយចម្បង​ជាអាទិភាព, គោលនយោបាយអភិវឌ្ឍតាមវិស័យ និង កម្មវិធីគោលនយោបាយជាអាទិភាព ដែល​ត្រូវចាប់អនុវត្តពីឆ្នាំ ២០២៣ តទៅ, ដែលជាក្របខ័ណ្ឌសម្រាប់តម្រង់ទិសការងាររបស់រាជរដ្ឋាភិបាល ក្នុងការបន្តបំពេញបេសកកម្មបម្រើជាតិ និង ប្រជាជន នៅក្នុងនីតិកាលទី ៧ នេះ ។

ក្នុងនាមជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, កាលពីថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២៣, ឯកឧត្តមបាន ដាក់បង្ហាញ «កម្មវិធីនយោបាយ» នេះ ជូនអង្គរដ្ឋសភា, និងជូនដល់ប្រជាជនកម្ពុជា ទូទាំងប្រទេស តាមរយៈរដ្ឋសភា ។

ឈរលើមូលដ្ឋាន «កម្មវិធីនយោបាយ» នេះ, រាជរដ្ឋាភិ បាលបានរៀបចំ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១» ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋាន​គ្រឹះឆ្ពោះទៅសម្រេចបាននូវ ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ដែលជារបៀបវារៈគោល​នយោបាយ​សង្គម-សេដ្ឋកិច្ច សម្រាប់ជំរុញអនុវត្ត ប្រកបដោយប្រសិទ្ធភាពនូវ «កម្មវិធីនយោបាយ» របស់ខ្លួន និង ជាមគ្គុទេសក៍សម្រាប់ តម្រង់សកម្មភាព របស់គ្រប់តួអង្គទាំងអស់ ក្នុងគោលដៅ, ម៉្យាង, បន្តរក្សាឱ្យបានរឹងមាំនូវ​ចលនការ​នៃសុខសន្តិភាព​ ក៏ដូចជាពូនជ្រំ និង ពង្រឹងសមិទ្ធផល​នៃកិច្ចអភិវឌ្ឍដែលសម្​រេចបាននាពេលកន្លងមក; និងម៉្យាងទៀត, កសាង ​និងពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់​ជំរុញសន្ទុះនៃ ​ការអភិវឌ្ឍប្រទេសជាតិ ​ក្នុងរយៈពេលមធ្យម ​និងវែងទៅមុខ តាមរយៈការកែទម្រង់មុតស្រួច លើគ្រប់វិស័យ ។

ក្នុងនោះ គោលនយោយបាយ៦ចំណុច រួមមាន៖

(១). ការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។

(២). ការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារ ក្រីក្រ និង គ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស។

(៣). ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់ គ្រួសារក្រីក្រ, ក្រុម ជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ, និង គ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិ សេដ្ឋកិច្ច និង គ្រាមានគ្រោះអាសន្ន។

(៤). ការដាក់ចេញ យុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាព ចូលរួម​ក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ។

(៥). ការដាក់ចេញនូវយន្តការសម្របសម្រួល និង កម្មវិធីហិរញ្ញប្បទាន សំដៅលើក ស្ទួយផលិតកម្ម, រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ។

(៦). ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម ទៅគ្រប់ឃុំ-សង្កាត់ ដែលមាន សកម្មភាពកសិកម្ម នៅទូទាំងប្រទេស និង ការរៀបចំឱ្យមានសមាគមកសិករនៅតាម ទីជនបទ ។


Powered by Blogger.