ស្នងការនគរបាលខេត្តកំពង់ធំ សម្រេចផ្អាកការងារនាយប៉ុស្តិ៍នគរបាលសំព្រោជ ក្រោយសម្តេចនាយករដ្ឋមន្ត្រីប្រតិកម្ម
ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ បានសម្រេចផ្អាកការងារជាបណ្តោះអាសន្ន នាយប៉ុស្តិ៍នគរបាលសំព្រោជ នៃស្រុកស្ទោង បន្ទាប់ពីរកឃើញភាពមិនប្រក្រតីនៃការតែងតាំងនេះ ពិសេសនាយប៉ុស្ដិ៍រូបនេះ ធ្លាប់មានប្រវត្តិមិនល្អ ដោយជាប់ពាក់ព័ន្ធនឹងករណីប្លន់កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៥។
សូមរំឭកថា កាលពីព្រឹកថ្ងៃអាទិត្យទី១០កញ្ញា ឆ្នាំ២០២៣ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់បទបញ្ជាឱ្យលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងស្នងការខេត្តកំពង់ធំ ធ្វើការពិនិត្យ និងស្រាវជ្រាវបន្ទាន់ លើករណីតែងតាំងមេប៉ុស្តិ៍ម្នាក់នៅឃុំសំពោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលមានប្រវត្តិប្រព្រឹត្តិបទឧក្រិដ្ឋ។ ភ្លាមៗថ្នាក់ដឹកនាំជាន់ខ្ពស់នៃអគ្គស្នងការនគរបាលជាតិ និងស្នងការខេត្តកំពង់ធំ បានបើកការស្រាវជ្រាវ និងបានរកឃើញភាពមិនប្រក្រតីមួយចំនួន រហូតស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចេញសេចក្តីសម្រេចមួយនៅរសៀលថ្ងៃដដែលនេះ ផ្អាកការងារបណ្តោះអាសន្ន លោកអនុសេនីយ៍ឯក ហុង សារ៉ុម អត្តលេខ ៤៩៩៥៥ ឋានៈនាយបុស្តិ៍នគរបាលរដ្ឋបាលសំព្រោជ នៃអធិការដ្ឋាននគរបាលខេត្តកំពង់ធំ ដោយឱ្យមកបង្ហាញខ្លួននៅស្នងការដ្ឋាននគរបាលខេត្តរៀងរាល់ម៉ោងធ្វើការ។
បន្ថែមលើនេះ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ក៏បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយថា ចំពោះលោកអធិការនគរបាលស្រុកស្ទោង ក៏ត្រូវបានដកមកបញ្ឈរជើងនៅស្នងការនគរបាលខេត្តដែរ ព្រោះក្រោយការស៊ើបអង្កេត លោកអធិការរូបនេះ មានជាប់ពាក់ព័ន្ធនឹងភាពមិនប្រក្រតីមួយចំនួនលើការតែងតាំងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំព្រោជ ដែលធ្លាប់ជាអតីតឧក្រិដ្ឋជនពាក់ព័ន្ធនឹងករណីប្លន់ទូមាសនៅផ្សារស្ទោង កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៥។ទោះយ៉ាងណា ពាក់ព័ន្ធនឹងករណីតែងតាំងមន្ត្រីរាជការនេះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យមានការត្រួតពិនិត្យ និងវាយតម្លៃឱ្យបានច្បាស់លាស់ នូវបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗឱ្យបានហ្មត់ចត់ មុននឹងធ្វើការតែងតាំង នៅតាមបណ្ដាស្ថាប័នរដ្ឋ ស្ថាប័នស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ និងក្រោមជាតិ៕
Post a Comment