ចេញទៅឆក់ត្រីបាត់រយៈពេល៣ថ្ងៃមិនឃើញត្រឡប់មកផ្ទះវិញ ប្រទះឃើញសពដេកស្លាប់នៅវាលស្រែ ស្រុកអូរជ្រៅ
(បន្ទាយមានជ័យ) បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់កណ្តាលវាលស្រែ នៅវេលាម៉ោង ២និង១៧នាទីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ត្រង់ចំណុចវាលផ្លុកចារចម្ងាយ៦០០០ម៉ែត្រ ខាងលិចភូមិផ្គាំ ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
នគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ ភាក់ សំណាង អាយុ២៨ឆ្នាំភេទប្រុស.នៅភូមិផ្គាំ ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ បើតាមការបំភ្លឺពីឈ្មោះ ភាក់ ស្រីផាត់ អាយុ៣១ឆ្នាំ.នៅភូមិផ្គាំ ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ(ត្រូវជាបងស្រីបង្កើត) របស់សពបានប្រាប់ថាប្អូនរបស់គាត់បានចេញទៅឆក់ត្រីនៅម៉ោងប្រហែល៧យប់ ថ្ងៃទី១៦.៩.២០២៣ ពុំឃើញមកផ្ទះវិញហើយបងប្អូនក៏បានដើរកតែរកមិនឃើញ លុះវេលាម៉ោង២និង១៧នាទីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ទើបរកឃើញសពស្លាប់ក្នុងវាលស្រែ ។
នគរបាលបានបញ្ជាក់ថា៖ក្រោយពីទទួលបានព័ត៌មានយើងបានបង្កើតគណៈកម្មការត្រួតពិនិត្យសពកន្លែងកើតហេតុ បានរកឃើញសត្វពស់ស្រកាចាស់០១ក្បាលនៅក្បែរជើងសព និងមានសម្ភារៈដូចជា.អាគុយ៤០អំពារចំនួន១.កែវជួតបំភ្លឺចំនួន១.ម៉ូទ័រឆក់ត្រីចំនួន១.ដងឆក់ត្រីដើមឬស្សី.ចំនួន២.កន្ត្រកកាវចំនួន១.ក្រង់សំរាប់ដាក់ត្រីចំនួន១.មានកូនត្រីផ្ទក់ចំនួន៩ត្រីនៅក្នុងនោះ។ ក្នុងការត្រួតពិនិត្យនេះឃើញមានស្លាកស្នាមលើ ក.ជើងខាងស្តាំប្រវែង៥ស.ម.មានឈាមហូរៗជាស្នាមចង្គូមពស់ខាំ ក្រៅពីនោះគ្មានស្លាកស្នាមអ្វីទាក់ទងនឹងឃាតក្មឡើយ។
ដូច្នេះការស្លាប់របស់ជនរងគ្រោះគឺដោយសារពស់ស្រកាចាស់ចឹក ដោយគ្មានអ្នកណាបានដឹងនិងជួយសង្រ្គោះ ។ សពក្រោយពីត្រួតពិនិត្យរួចប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
Post a Comment