ទឹកទំបន់វារីអគ្គិសនីសេសានក្រោម២ ហក់ឡើងលើសចំណុចប្រុងប្រយ័ត្ន ៧៥ម៉ែត្រ
ស្ទឹងត្រែង៖ យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តស្ទឹងត្រែង បានប្រកាសនៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣នេះថា កម្ពស់ទឹកទំបន់វារីអគ្គិសនីសេសានក្រោម២ បានហក់ឡើងលើសបន្ទាត់ក្រហមហើយ ពោលគឺចំណុចប្រុងប្រយ័ត្នត្រឹម៧៥.០០ម៉ែត្រ តែនៅព្រឹកនេះទឹកក្នុងអាងបានកើនឡើងដល់ទៅ៧៥.២៧ម៉ែតឯណោះ។
រដ្ឋបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា ចំពោះមូលហេតុនៃការកើនឡើងនៅកម្ពស់បែបនេះ គឺដោយសារតែប៉ុន្មានថ្ងៃមកនេះ មានភ្លៀងធ្លាក់ជោកជាំជាច្រើនថ្ងៃជាប់ៗពាសពេញខេត្តស្ទឹងត្រែង និងភ្លៀងធ្លាក់នៅតំបន់ផ្នែកខាងលើៗថែមទៀតផង។
បើតាមរបាយការណ៍របស់មន្ទីរធនធាន និងឧតុនិយមនៃរដ្ឋបាលខេត្តស្ទឹងត្រែងស្តីពីស្ថានភាពទឹកទន្លេទាំង៤ក្នុងខេត្តស្ទឹងត្រែងបានឱ្យដឹងនៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ រួមមាន៖
១៖ ទន្លេមេគង្គ៖ប្រកាសប្រុងប្រយ័ត្ន គឺ១០.៧០ម៉ែត្រ
*ពីម្សិលមិញកម្ពស់ទឹក គឺ៦.៨៤ម៉ែត្រ
*ព្រឹកនេះកម្ពស់ទឹក គឺ៧.៣៤ម៉ែត្រ
*កើនឡើង ០.៥០ម៉ែត្រ
២៖ ទន្លេសេកុង៖ ប្រកាសប្រុងប្រយ័ត្ន គឺ១១.៥០ម៉ែត្រ
*ពីម្សិលមិញកម្ពស់ទឹក ៦.១២ម៉ែត្រ
*ព្រឹកនេះកម្ពស់ទឹក ៧.២៤ម៉ែត្រ
*កើនឡើង ១.១២ម៉េត្រ
៣៖ ទន្លេសេសាន៖ ប្រកាសប្រុងប្រយ័ត្ន គឺ១០.៥០ម៉ែត្រ
*ពីម្សិលមិញកម្ពស់ទឹក ៥.៩៧ម៉ែត្រ
*ព្រឹកនេះកម្ពស់ទឹក ៦.២៧ម៉ែត្រ
*កើនឡើង ០.៣០ម៉ែត្រ
៤៖ ទំនប់វារីសេសាន៖ កម្ពស់ទឹកប្រុងប្រយ័ត្ន គឺ៧៥.០០ម៉ែត្រ
*កម្ពស់ទឹកក្នុងអាង ៧៥.២៧ម៉ែត្រ
*ធារទឹកហូរចូលអាង ៣៩៦៧m3/s
*ធារទឹកហូរចេញ ៤០៣០m3/s
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣កន្លងទៅ នាយកក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២ បានចេញលិខិតជូនដំណឹង មកកាន់រដ្ឋបាលខេត្តស្ទឹងត្រែង ស្តីពីស្ថានភាពកម្ពស់ទឹកក្នុងទំនប់វារីអគ្គិសនីដែលមានការកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ដើម្បីឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអ្នកនៅខ្សែទឹកខាងក្រោម ដើម្បីការពារនូវភយន្តរាយផ្សេងៗដែលនឹងកើតឡើងជាយថាហេតុ៕
Post a Comment