ពិធីសំណេះសំណាលនិងចែកអំណោយ និងដាំកូនឈើនៅវិទ្យាល័យ ហ៊ុន សែន ឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ

(បន្ទាយមានជ័យ​) លោកជំទាវឧកញ៉ាហេមចិត្តាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភបណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន អមដំណើរដោយលោក កែ សួនសុភាព អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ.ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារអភិវឌ្ឍន៍យុវជន ខេត្តបន្ទាយមានជ័យ និងលោកស្រី បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាល ចែកអំណោយ និងដាំកូនឈើ នៅវិទ្យាល័យ ហ៊ុន សែន ឈ្នួរមានជ័យ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយមានការនិមន្តចូលរួមពីព្រះគ្រូ ធម្មាលង្ការមុន្នី ចាន់ សុជន ព្រះចៅអធិការវត្តប្រាសាទស្រះកណ្ដាល(ខ្ចាស់) លោក ហែម សារិន អភិបាលរងស្រុកព្រះនេត្រព្រះ និងជាប្រធានស.ស.យ.ក ស្រុកព្រះនេត្រព្រះ និងលោក លោកស្រីប្រធាន.អនុប្រធាន សមាជិកអចិន្រ្តៃយ៍ ស.ស.យ.ក.ទាំង៩ ស្រុក ក្រុង នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។

ថ្លែងក្នុងពិធីសំណេះសំណាលនាឱកាសនោះលោក កែ សួនសុភាព បានថ្លែងធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់នូវសកម្មភាពរបស់លោក លោកស្រី ក៏ដូចជាឯកឧត្តម លោកជំទាវ ដែលជាប្រធាន.អនុប្រធានក្រុមយុវជន បានខិតខំប្រឹងប្រែងរួមសាមគ្គីសហការណ៍គ្នា ក្នុងការអភិវឌ្ឍន៍មូលដ្ឋាន ជាពិសេសការជួយទុក្ខធុរៈ និងដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ ជាប្រចាំនៅតាមមូលដ្ឋានដែលមានជួបទុក្ខលំបាក។

លោក បានមានប្រសាសន៍ផ្តោតលើកិច្ចការសំខាន់ៗ ចំនួន ៣ចំណុចរួមមាន៖

១. ប្អូនៗដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខាងមុខនេះ ត្រូវខិតខំរៀនសូត្រ ព្យាយាមយកចិត្តទុកដាក់ ក្រេបជញ្ជក់នូវចំណេះដឹងដើម្បីទទួលបានលទ្ធផលប្រលងជាប់ទាំងអស់គ្នា។ជាពិសេសកុំយកពេលវេលាដើរលេង ដោយមិនគិតពីការរៀនសូត្រ ។

២. ប្អូនៗ យុវជនយើងត្រូវជៀសឱ្យផុតពីការប្រព្រឹត្តគ្រឿងញៀន ជាពិសេសការសេពគប់មិត្តភ័ក្ត្រដែលប្រព្រឹត្តមិនល្អ និងអាចទាញយើងអោយដើរតាមគន្លងអាក្រក់របស់ពួកគេ ។ ទន្ទឹមនឹងនេះគ្រឿងញៀនមិនត្រឹមតែបំផ្លេចបំផ្លាញសង្គមជាតិយើងទេ គឺបំផ្លាញខ្លួនឯង និងក្រុមគ្រួសារយើងតែម្តង ។

៣.ការដាំដើមឈើនាឱកាសនេះផងដែរ សបញ្ជាក់ឱ្យឃើញថាយើងទាំងអស់គ្នាបានចូលរួមជួយបរិស្ថានក្នុងការកាត់បន្ថយកំដៅ បង្កើនអុកស៊ីសែន ជាពិសេសជាជម្រកដើម្បីជាម្លប់ដល់អ្នកជំនាន់ក្រោយ។

ជាមួយគ្នានោះលោកជំទាវឧកញ៉ាហេមចិត្តាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភបណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន លោក កែ សួនសុភាព និងក្រុការងារ បានឧបត្ថម្ភកុំព្យូទ័រ ១០គ្រឿងនិងថវិកា ២លានរៀលជូនដល់វិទ្យាល័យសម្រាប់ប្រើប្រាស់ចាំបាច់ទៅតាមតម្រូវការ។និងបានជូនសម្ភារៈសិក្សា និងថវិកាមួយចំនួនជូនដល់សិស្សានុសិស្សផងដែរ៕

















Powered by Blogger.