ប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ របស់អគ្គស្នងការនគរបាលជាតិ លេខ០០៩.សណន ផែនការការពារសន្តិសុខក្នុងពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០២២-២០២៣
បន្ទាយមានជ័យ: នៅរសៀលថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំ របស់អគ្គស្នងការនគរបាលជាតិលេខ០០៩. សណន ផែនការការពារសន្តិសុខក្នុងពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០២២-២០២៣។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរងផែនទាំង១៣ លោក នាយការិយាល័យជំនាញទាំង៣១ លោក វរសេនីយ៍ អធិការ នៃអធិការដ្ឋាននគរបាល ក្រុង-ស្រុក៩ លោក វរសេនីយ៍ មេបញ្ជាការការពារព្រំដែនគោកទាំង៤ ។
លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរះ ស្នងការរងផែនការងារសេនាធិការ បានឡើងអានផ្សព្វផ្សាយផែនការការពារបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ការពារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងផ្សព្វផ្សាយសេចក្តីណែនាំ របស់អគ្គស្នងការនគរបាលជាតិ លេខ ០០៩.សណន ស្តីពីការបង្កើត ប្រសិទ្ធភាពការងារលិខិតស្នាមរដ្ឋបាល ។លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់គោលការណ៍ និងជម្រុញដល់ថ្នាក់ដឹកនាំព្រមទាំងមន្ត្រីទាំងអស់
១-កម្លាំងនគរបាលទាំងអស់ត្រូវពង្រឹងសមត្ថភាព ចំណេះ ជំនាញ វិជ្ជាជីវ: ច្បាប់ បច្ចេកទេស និងឲ្យស្របតាមយុគសម័យឌីជីថល។
២-ត្រូវគោរពអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់នូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នីតិកាលទី៧ របស់ប្រមុខរាជរដ្ឋាភិបាល។
៣-កម្លាំងនគរបាលទូទាំងខេត្ត និងបណ្តាអធិការក្រុងស្រុក ត្រូវពង្រឹងការយាមល្បាត បង្ក្រាបរាល់បទល្មើស បទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង។
៣-ផ្សព្វផ្សាយសេចក្តីណែនាំ របស់អគ្គស្នងការនគរបាលជាតិ លេខ០០៩.សណន ស្តីពីការបង្កើត ប្រសិទ្ធភាពការងារលិខិតស្នាមរដ្ឋបាល ជូនដល់ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលទៅតាមឋានុក្រមឱ្យបានត្រឹមត្រូវសម្រាប់អនុវត្ត ការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។
៤-បញ្ជាក់តួនាទីភារកិច្ច របស់ស្នងការនគរបាលខេត្ត អធិការនគរបាលក្រុង/ស្រុកទាំង៩ មេបញ្ជាការ ការពារព្រំដែនគោកទាំង៤ ទៅតាមឋានុក្រម ។
៥- កងកម្លាំងទាំងអស់ត្រូវឈរលើគោលការណ៍គោរពច្បាប់ គោរពបទបញ្ជា គោរពវិន័យ តួនាទី ភារកិច្ចរបស់ខ្លួន ពេលបំពេញការងារ ត្រូវស្លៀកពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ ត្រូវមានសម្តីទន់ភ្លន់ ក្រមសីលធម៌ និងវិជ្ជាជីវៈ ។
៦-ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង ជាថ្លុងមួយដើម្បីសម្រេច លើកិច្ចការងារផ្សេងៗរបស់ថ្នាក់ដឹកនាំដាក់ជូន៕
Post a Comment