ឯកឧត្តម តន់ វ៉ាន់ថារ៉ា ចុះពិនិត្យការងារថែទាំប្រព័ន្ធធារាសាស្រ្ត ក្នុងខេត្តប៉ៃលិន បន្ទាយមានជ័យ និងឧត្តរមានជ័យ

នៅថ្ងៃសុក្រ ៨កើត  ខែភទ្របទ ឆ្នាំថោះ ចត្វាស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ លោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួង និងសហការីចុះពិនិត្យជាក់ស្តែងលើការងារដំណើរការ និងការថែទាំប្រព័ន្ធធារាសាស្រ្តស្ថិតនៅក្នុងភូមិសាស្ត្រខេត្តប៉ៃលិន។ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងមន្ត្រីបច្ចេកទេស បានចុះពិនិត្យការងារ៖

១-ការជួសជុលថែទាំប្រព័ន្ធធារាសាស្ត្រថ្នល់បត់ មានទីតាំងស្ថិតនៅក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ដោយបង្វែរទឹកពីស្ទឹងប៉ៃលិន ដើម្បីស្រោចស្រព ដែលទំនប់មានប្រវែង ៤៣៦ម៉ែត្រ ប្រព័ន្ធប្រឡាយសរុបប្រវែង ៣២.០០០ម៉ែត្រ បម្រើឱ្យការស្រោចស្រពផ្ទៃដីស្រូវរដូវវស្សា ២.៤៥០ហិកតា ផ្ទៃដីស្រូវរដូវប្រាំង ៥៥០ហិកតា សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ១.០៥០គ្រួសារ ដំណាំរួមផ្សំ ៣៥០ហិកតា និងសត្វពាហនៈ។

២-ការជួសជុលថែទាំប្រព័ន្ធធារាសាស្ត្រអូរដូនតា មានទីតាំងស្ថិតនៅក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដោយបង្វែរទឹកពីអូរដូនតា ដើម្បីស្រោចស្រព ដែលទំនប់មានប្រវែង ១.៣៦០ម៉ែត្រ ប្រព័ន្ធប្រឡាយសរុបប្រវែង ៣.២០០ម៉ែត្រ បម្រើឱ្យការស្រោចស្រពស្រូវរដូវវស្សា ២.០៥០ហិកតា ស្រូវរដូវប្រាំង ៥០ហិកតា សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ៨៨៥គ្រួសារ ដំណាំរួមផ្សំ ៥៥០ហិកតា និងសត្វពាហនៈ។

ក្នុងឱកាសចុះពិនិត្យការងារនេះ ឯកឧត្តមរដ្ឋលេខាធិការបានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន និងបានថ្លែងនូវការកោតសរសើរពីរបៀបរបបនៃការរៀបចំរបស់មន្ទីរ គឺមានសោភ័ណភាពល្អ និងជាគំរូ។ 

ក្នុងថ្ងៃដដែល ឯកឧត្តមរដ្ឋលេខាធិការ អមដំណើរដោយលោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យបានដឹកនាំមន្រ្តីបច្ចេកទេសក្រសួង និងសហការីចុះពិនិត្យជាក់ស្តែងសកម្មភាពថែទាំម៉ាស៊ីនបូមទឹកនៅក្នុងទីតាំងមន្ទីរខេត្តបន្ទាយមានជ័យ។

បន្ទាប់ពីនោះ ឯកឧត្តមរដ្ឋលេខាធិការ អមដំណើរដោយលោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យក៏បានបន្តដឹកនាំមន្ត្រីបច្ចេកទេសក្រសួង និងសហការីចុះពិនិត្យជាក់ស្តែងលើការងារដំណើរការ និងការថែទាំប្រព័ន្ធធារាសាស្រ្តស្ថិតនៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។

នៅក្នុងខេត្តឧត្តរមានជ័យ ឯកឧត្តមរដ្ឋលេខាធិការ និងមន្ត្រីបច្ចេកទេសបានចុះពិនិត្យការងារ៖

១-ការជួសជុលថែទាំប្រព័ន្ធធារាសាស្រ្តរហាលសឹង្ហ មានទីតាំងស្ថិតនៅក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ដែលទំនប់មានប្រវែង ២.០៨៧ម៉ែត្រ អាចស្តុកទឹកចំនួន ១,៦លានម៉ែត្រគូប ស្រោចស្រពស្រូវរដូវវស្សាចំនួន ១៦៣ហិកតា ស្រូវរដូវប្រាំងចំនួន ១៣ហិកតា សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋចំនួន ៥៦៥គ្រួសារ ដំណាំរួមផ្សំ ១០ហិកតា សត្វពាហនៈ ជាពិសេស ជាតំបន់ទាក់ទាញភ្ញៀវទេសចរ។

២-ការជួសជុលថែទាំប្រព័ន្ធធារាសាស្រ្តអូរអង្គ្រង មានទីតាំងស្ថិតនៅក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ដែលទំនប់មានប្រវែង ៤.៥១៣ម៉ែត្រ អាចស្តុកទឹកបាន ៥,៧២លានម៉ែត្រគូប ប្រឡាយមេប្រវែងសរុប ៤.៥៤៩ម៉ែត្រ ស្រោចស្រពស្រូវរដូវវស្សា ៦៦៧ហិកតា ស្រូវរដូវប្រាំង ២៤៤ហិកតា សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋចំនួន ៨៤៣គ្រួសារ ការផលិតទឹកស្អាត ដំណាំរួមផ្សំ ១៥ហិកតា សត្វពាហនៈ និងជាពិសេស ជាតំបន់ទាក់ទាញភ្ញៀវទេសចរ។

បើតាមការបញ្ជាក់របស់លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ គិតត្រឹមពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៣ អាងទឹកទាំង៨ ទើបទទួលបានបរិមាណទឹកភ្លៀងតែជាង ៦០% ប៉ុណ្ណោះ។

ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការក៏បានផ្តាំផ្ញើដល់មន្ទីរ និងសហការីឱ្យបន្តផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះតួនាទី និងភារកិច្ចរបស់ខ្លួនលើការងារជួសជុល ថែទាំសំណង់ប្រព័ន្ធធារាសាស្ដ្រជាប្រចាំ និងត្រៀមលក្ខណៈឆ្លើយតបគ្រោះមហន្តរាយដែលអាចកើតមានឡើងជាយថាហេតុ៕









Powered by Blogger.