វេទិកាផ្សព្វផ្សាយច្បាប់ ស្ដីពីការបង្រាបអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ
(ខេត្តកណ្តាល)៖ លោកស្រីឧត្តមសេនីយ៍ត្រី ឈឹម វណ្ណនី ស្នងការរងនគរបាលខេត្តកណ្តាល និងជាអនុប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) តំណាងលោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ខ.ប.ជ បានបញ្ជាក់ថា គោលបំណង នៃការបើកវេទិកានេះឡើង គឺដើម្បីឱ្យប្រជាពលរដ្ឋបានយល់កាន់តែច្បាស់អំពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន តាមការឃោសនា របស់មេខ្យល់អូសទាញ និងដើម្បីបង្ការទប់ស្កាត់អំពើជួញដូរមនុស្សតាមគ្រប់រូបភាព។
លោកស្រីបានបញ្ចាក់ដូច្នេះ នៅក្នុងទិកាផ្សព្វផ្សាយច្បាប់ ស្តីពីការបង្រ្កាបអំពើជូញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាង ៣០០នាក់ នៅឃុំជ្រៃលាស់ ស្រុកពញ្ញាឮ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។
ក្នុងវេទិកានេះ លោកស្រីឧត្តមសរនីយ៍ត្រី ឈឹម វណ្ណនី បានធ្វើការផ្សព្វផ្សាយ ខ្លឹមសារសំខាន់ៗ និងមាត្រាសំខាន់ៗដែលពាក់ព័ន្ធទៅនិងការប្រព្រឹត្តរបស់ជនល្មើស ទោសទណ្ឌដែលត្រូវទទួល តាមច្បាប់បានកំណត់ និងធាតុផ្សំដែលនាំឱ្យមានកើតបទល្មើស ព្រមទាំងអំពាវនាវ ដល់អ្នកចូលរួមទាំងអស់ ត្រូវខិតខំត្រងត្រាប់ស្តាប់ ដើម្បីផ្សព្វផ្សាយបន្ត ទុកជាមេរៀន បទពិសោធន៍ សម្រាប់អប់រំកូនចៅ កុំឱ្យធ្លាក់ក្នុងការលួងលោម បោកបញ្ឆោត ឬជឿតាមការសន្យារបស់ជនខិលខូចមួយចំនួន ដែលជាដើមហេតុធ្វើឱ្យងាយធ្លាក់ទៅក្នុងស្ថានភាពនៃការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម។ នាឱកាសនោះដែរ លោកស្រីឧត្តមសេនីយ៍ត្រី ក៏បានធ្វើការពន្យល់ ណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យយល់ពីផលប៉ះពាល់ ការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះមេខ្យល់តាមគ្រប់រូបភាព ត្រូវរាយការណ៍ បន្ទាន់ទៅក្រុមការងារថ្នាក់ស្រុក ឃុំ ភូមិ ប៉ុស្តិ៍ ដែលនៅជិត ចំពោះករណីសង្ស័យ មានជនណាមកឃោសនា។ ត្រូវចូលរួមសាមគ្គីសហការគ្នា ជួយគ្នាទៅវិញទៅមកដោយមិនមានការរើសអើង។
លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ រដ្ឋបាលស្រុក បានចុះផ្សព្វផ្សាយច្បាប់ចំនួន ៧៨៧លើក ដោយមានប្រជាពលរដ្ឋចូលរួមជាង ២ម៉ឺននាក់នៅក្នុងឃុំទាំង១១ ទៅលើប្រធានបទស្ដីពី ច្បាប់ចរាចរណ៍ផ្លូវគោកផលប៉ះពាល់គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងអំពើហិង្សាក្នុងគ្រួសារ។
Post a Comment