ប្រសាសន៍សំខាន់ៗរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជួបកម្មករ និយោជិត តាមរោងចក្រសហគ្រាស នៅក្រុងតាខ្មៅ

កណ្តាល៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស នៅក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣។

ប្រសាសន៍សំខាន់ៗរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ដែលមានខ្លឹមសារដូចខាងក្រោម៖

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ផ្ដល់គោលការដល់ថ្នាក់ដឹកនាំក្នុងជួរាជរដ្ឋាភិបាល បើសិនជាជាប់ភារកិច្ចការងារ គឺអាចស្នើគោលការណ៍ដោយមិនចាំបាច់ចូលរួមនូវរាល់កម្មវិធីជាមួយនាយករដ្ឋមន្រ្ដីនោះទេ ប៉ុន្ដែអាចបញ្ជូនរដ្ឋលេខាធិការប្រចាំការមកជំនួស។

ខណៈពេលនេះគឺជាពេលដែលមន្រ្ដីគ្រប់រូបកំពុងមមាញឹកក្នុងការអនុវត្តការងារនៅតាមក្រសួងស្ថាប័នរបស់ខ្លួន។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដរាបណាបងប្អូនប្រជាពលរដ្ឋនៅតែជឿជាក់គណបក្សប្រជាជនកម្ពុជា គាំទ្រឱ្យដឹកនាំរាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជាប្ដេជ្ញាបម្រើពលរដ្ឋ បង្កើតការងារ និងបង្កើនជីវភាពរស់នៅជូនប្រជាពលរដ្ឋជានិច្ច។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា រឿងស្រឡាញ់ជាតិនណាក៏ស្រឡាញ់ដែរ ក្នុងនោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលខិតខំថែរក្សានូវសុខសន្ដិភាព ស្ថិភាពនយោបាយ និងអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ។ ដូច្នេះការចូលរួមស្នេហាជាតិបែបវិជ្ជមានគឺជារឿងសំខាន់ ដើម្បីចូលរួមបង្កើនសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាជននូវទូទាំងប្រទេស។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ណែនាំឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុង ដើម្បីដឹកបងប្អូនកម្មករ កម្មការិនីទៅលេងស្រុកកំណើត ដោយឥតគិតថ្លៃ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខ។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា វិស័យទេសរណ៍ គឺជាវិស័យអាទិភាពមួយសំខាន់ ដែលមានការប្រកួតប្រជែងធំណាស់ទាំងនៅក្នុងតំបន់ និងពិភពលោក ដូច្នេះត្រូវរួមគ្នាទាំងរដ្ឋាភិបាល និងវិស័យឯកជន ដោយធ្វើយ៉ាងណាឱ្យមានកម្លាំងសរុបទាក់ទាញភ្ញៀវទេសចរមកកម្ពុជា។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យឯកជន គឺជាដៃគូដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ដូច្នេះនៅខែ វិច្ឆិកា ខាងមុខនេះ រាជរដ្ឋាភិបាលនឹងធ្វើវេទិការាជរដ្ឋាភិបាលជួបជាមួយវិស័យឯកជន ដើម្បីជជែកគ្នា និងស្វែងរកចំណុចរួម ក្នុងការបង្កើតជាសហគមន៍រួមមួយរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថា រាជរដ្ឋាភិបាលថ្មី ទោះបីជាតួអង្គនៅតាមក្រសួងស្ថាប័នមួយចំនួនថ្មីក៏ដោយសម្រាប់ដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក៏ប៉ុន្ដែគោលនយោបាយ និងយុទ្ធសាស្រ្ដរបស់គណបក្សប្រជាជន គឺមិនបានផ្ដាស់ប្ដូរនោះទេ។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត រម្លឹកដល់រដ្ឋមន្រ្ដីតាមបណ្ដាក្រសួងស្ថាប័ន ជាពិសេសក្រសួងស្ថាប័នថ្មី ដែលត្រូវរៀបចំមន្រ្ដី ត្រូវពង្រឹងគោលបំណងនៃប្រសិទ្ធភាពស្ថាប័ន គឺរក្សាប្រសិទ្ធភាព និងសាមគ្គីភាពផ្ទៃ ក្នុងនោះទើបអាចដើរទៅមុខទាំងអស់គ្នាបាន។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ណែនាំដល់រដ្ឋមន្រ្ដីថ្មីនៅតាមបណ្ដាក្រសួង ស្ថាប័នចំពោះការតែងតាំងមន្រ្ដី គឺត្រូវផ្អែកទៅលើគុណាធិបតេយ្យ លើអតីតភាព និងប្រសិទ្ធភាពការងារ និងការបន្ស៊ីគ្នាទៅលើប្រសិទ្ធភាពការងារ ដូចពាក្យថា «ក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ» ដោយប្រើប្រាស់កម្លាំងទាំងអស់ទាំងចាស់ទាំងថ្មី ដែលនេះគឺជាគុណធម៌ក្នុងការរៀបចំរាជរដ្ឋាភិបាលថ្មីនេះ។

Powered by Blogger.