Asian Games៖ វឿន វាសនា រំពឹងលទ្ធផលល្អ ខណ:មន្រ្តីសហព័ន្ធថា មិនមែនទៅដកស្រង់បទពិសោធន៍ទៀតទេ
កីឡាករ វឿន វាសនា បានផ្តល់បទសម្ភាសន៍ជាមួយសាព័ត៌មានមុនចេញទៅបោះជំរំហ្វឹកហាត់នៅចិនកាលពីពេលថ្មីៗនេះ ដើម្បីត្រៀមការប្រកួតកីឡាអាស៊ី(Asian Games) លើកទី១៩ នៅទីក្រុង Hangzhou នាខែក្រោយ ថា៖ «ខ្ញុំរំពឹង ក្រៅពីការខំប្រឹងហ្វឹកហាត់កន្លងមក គួបផ្សំការចេញទៅហាត់ ១ខែមុនការប្រកួតនៅចិននេះ យើងនឹងហ្វឹកហាត់ដិតដល់ក្នុងក្រុម ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រកួតកីឡាអាស៊ី» ។
កីឡាករវ័យ២២ឆ្នាំរូបនេះ បានបន្តថា៖«សម្រាប់ខ្ញុំ គឺមានការប្ដេជ្ញាចិត្តខ្ពស់ខ្លាំងមែនទែន សម្រាប់កីឡាអាស៊ី លើកទី១៩ នេះ ព្រោះខ្ញុំសង្ឃឹមថា ពួកយើងនឹងអាចកសាងប្រវត្តិសាស្ដ្រមួយទៀត សម្រាប់ការប្រកួតអន្ដរជាតិ ដែលមានការចូលរួមពីច្រើនប្រទេស។ ជាការពិត យើងត្រូវការជ័យជម្នះ ពិសេសការប្រកួតក្នុងពូល ដើម្បីឡើងទៅវគ្គបន្ដ ។ ប៉ុន្ដែប្រសិនបើពួកយើងពុំទទួលបានលទ្ធផលល្អ វាក៏ជាឱកាសល្អមួយ ដែលយើងបានចូលរួមព្រឹត្តិការណ៍ដ៏ធំលើកដំបូងនេះដែរ»។
ជុំវិញការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ នៅប្រទេសចិន លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធបាល់ទះកម្ពុជា បានលើកឡើងថា៖ «នេះគឺជាព្រឹត្តិការណ៍ថ្មី និងជាប្រវត្តិសាស្រ្តរបស់កម្ពុជា ក្នុងវិញ្ញាសារបាល់ទះ អស់រយ:ពេល ៥០ឆ្នាំ ដែលមិនដែលបង្ហាញខ្លួននៅក្នុងពានមួយនេះ ទន្ទឹមនឹងការចូលរួមប្រកួតនៅ Asian Games លើកនេះ មិនមែនទៅដកស្រង់ បទពិសោធន៍ទៀតទេ គឺដើម្បីបង្ហាញពីកេត្យានុភាពជាតិ រួមជាមួយស្នាដៃរបស់អត្តពលិកបាល់ទះកម្ពុជា»។
ក្រុមបាល់ទះក្នុងសាលបុរសកម្ពុជា ស្ថិតក្នុងពូល Cជាមួយយក្សឥណ្ឌា និងកូរ៉េខាងត្បូង ខណៈការប្រកួតនឹងចាប់ដំណើរការនៅខែក្រោមនេះ នៃព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ នៅប្រទេសចិន (2022 Asian Games)។
សម្រាប់កម្មវិធីប្រកួតក្នុងពូល C ដែលមានកម្ពុជា ឥណ្ឌា និងកូរ៉េខាងត្បូង មាន៖
- ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣៖ ឥណ្ឌា ប៉ះ កម្ពុជា ទីលាន China Textile City Sports Centre Gymnasium ម៉ោង៦ល្ងាច
- ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣៖ កូរ៉េខាងត្បូង ប៉ះ ឥណ្ឌា ទីលាន Linping Sports Centre Gymnasium ម៉ោង៦ល្ងាច
- ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣៖ កម្ពុជា ប៉ះ កូរ៉េខាងត្បូង ទីលាន Linping Sports Centre Gymnasium ម៉ោង២:៣០នាទី
*ម៉ោងនៅខេត្ត Zhejiang លើសម៉ោងនៅកម្ពុជា ១ម៉ោង
ព្រឹត្តិការណ៍ Asian Games រៀបចំឡើងដំបូងនៅឆ្នាំ១៩៥១ ស្របពេលដែលវិញ្ញាសាបាល់ទះបានដាក់ឱ្យប្រកួតប្រជែងពីឆ្នាំ១៩៥៨។ សម្រាប់កម្ពុជា នេះជាលើកទី៣ហើយដែលបញ្ជូនក្រុមបាល់ទះបុរសទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡា Asian Games ដោយលើកទី១ នៅឆ្នាំ១៩៦២ ដែលប្រទេសឥណ្ឌូណេស៊ី ធ្វើជាម្ចាស់ផ្ទះ ដោយឈរលេខ៧។ លើកទី២ ក្នុងឆ្នាំ១៩៧០ ដែលប្រទេសថៃ ទទួលធ្វើម្ចាស់ផ្ទះកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៤ ស្របពេលដែលមេដាយមាសបានទៅជប៉ុន មេដាយប្រាក់បានទៅកូរ៉េខាងត្បូង និងមេដាយសំរឹទ្ធិបានទៅចិន៕
Post a Comment